(ម៉ូស្គូ)៖ ទីក្រុងម៉ូស្គូបានប្រកាសនៅថ្ងៃចន្ទសប្តាហ៍នេះ ដោយព្រមានទុកជាមុនថា រុស្ស៊ីនឹងឆ្លើយតបវិញដោយដាក់ពង្រាយ ប្រព័ន្ធមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ នៅតំបន់អឺរ៉ុប ប្រសិនបើអង្គការ NATO មានផែនការធ្វើដូច្នេះដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១។

ការព្រមាននេះត្រូវបានធ្វើឡើង ដោយអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ រីយ៉ាបកូវ (Sergei Ryabkov) ចំពោះមុខហានិភ័យនៃការបង្កើនអានុភាពសព្វាវុធ ដាក់គ្នាឡើងវិញនៅទ្វីបអឺរ៉ុប ជាមួយនឹងភាពតានតឹងរវាងលោកខាងកើត និងខាងលិច (East-West) ដែលឈានដល់ចំណុចអាក្រក់មិនធ្លាប់មាន គិតចាប់តាំងពីសង្គ្រាមត្រជាក់បានបញ្ចប់ទៅ ៣ទសវត្សរ៍មកនេះ។

លោក Sergei Ryabkov ថែមទាំងបានថ្លែងទៀតថា រុស្ស៊ីនឹងត្រូវបង្ខំចិត្តបញ្ចេញសកម្មភាព ប្រសិនបើប្រទេសលោកខាងលិច បដិសេធមិនចូលរួមក្នុង សន្ធិសញ្ញានុយក្លេអ៊ែរ INF នៅអឺរ៉ុប ជាផ្នែកមួយនៃកញ្ចប់ធានាផ្នែកសន្តិសុខ ដែលត្រូវបានចាត់ទុកជាមធ្យោបាយ ក្នុងការដោះស្រាយវិបត្តិនៅអ៊ុយក្រែនទេនោះ។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ការជាប់គាំងទាំងផ្នែកនយោបាយ និងការទូត គឺមានតែជំរុញឲ្យរុស្ស៊ីឆ្លើយតបដោយមធ្យោបាយយោធា និងបច្ចេកវិទ្យាផ្នែកយោធាប៉ុណ្ណោះ។ រឿងគឺបែបនេះ... វានឹងក្លាយជាការប្រឈមមុខដាក់គ្នា... វានឹងកើតឡើងនៅដំណាក់កាលបន្ទាប់»

គួរបញ្ជាក់ថា ការព្រមានពីសំណាក់រុស្ស៊ីនេះ បានកើតមានឡើងចំពេលដែលអឺរ៉ុប និងសហរដ្ឋអាមេរិកកំពុងតែដាក់បន្ទុក និងចោទប្រកាន់រុស្ស៊ីយ៉ាងខ្លាំង ជុំវិញស្ថានការណ៍តានតឹងជាមួយអ៊ុយក្រែន ដែលត្រូវបានគេមើលឃើញថា បាននិងកំពុងធ្វើឲ្យអឺរ៉ុបទាំងមូល ត្រូវប្រឈមមុខជាមួយរុស្ស៊ីដោយផ្ទាល់ ដែលជាប្រទេសមានយោធាខ្លាំងបំផុតលំដាប់លេខ ២ នៅលើពិភពលោក។

ទោះជាយ៉ាងណា អង្គការ NATO បានចោទប្រកាន់រួចទៅហើយថា រុស្ស៊ីបានដាក់ពង្រាយប្រព័ន្ធមីស៊ីលនៅផ្នែករបស់ទឹកដីរុស្ស៊ី ដែលស្ថិតក្នុងទ្វីបអឺរ៉ុប នោះគឺភាគខាងលិចតំបន់ប្រជុំភ្នំ យូរ៉ាល់ (Ural), ហើយប្រសិនបើនេះជាការពិតមែន ការចេញមុខព្រមានពីសំណាក់ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីនោះ គឺត្រឹមតែជាការបង្វែងដានប៉ុណ្ណោះ, នេះបើតាមការលើកឡើងដោយ អ្នកជំនាញខាងនយោបាយការបរទេសលោក ជឺហាដ ម៉ាន់ហ្គត់ (Gerhard Mangott) ប្រចាំនៅសាកលវិទ្យាល័យអូទ្រីស។

អ្នកជំនាញពាក់ព័ន្ធនឹងនយោបាយរុស្ស៊ីខាងលើ បានសង្កត់ធ្ងន់ជុំវិញរឿងនេះទៀតថា ប្រសិនបើការប្រកែករបស់រុស្ស៊ីថា ខ្លួនមិនបានដាក់ពង្រាយប្រព័ន្ធមីស៊ីល នៅតំបន់ភ្នំ Ural ជាការពិត នោះការចេញមុខព្រមានពីសំណាក់ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលើកនេះ គឺជាសញ្ញាចុងក្រោយមួយហើយសម្រាប់ NATO ដែលគួរតែចូលទៅអង្គុយតុចរចាជាមួយរុស្ស៊ី អំពីការបង្កើតកិច្ចព្រមព្រៀងមួយ ដើម្បីបន្ថយកម្តៅទៅវិញទៅមក៕