(ព្រុចសែល)៖ សហភាពអឺរ៉ុប នៅថ្ងៃចន្ទសប្ដាហ៍នេះ បានឯកភាពគ្នាថារាល់ការឈ្លានពានណាមួយរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន នឹងជំរុញឱ្យមានការដាក់ទណ្ឌកម្ម សេដ្ឋកិច្ចលើទីក្រុងម៉ូស្គូ ហើយការព្រមាននេះគឺស្រដៀងគ្នាទៅនឹងសេចក្ដីថ្លែងការណ៍របស់អង្គការ NATO និងក្រុមបណ្ដាប្រទេស G7 ដែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១។

លោក Josep Borrell ជាប្រធានគោលនយោបាយការបរទេសអឺរ៉ុប ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំ។ លោក Borrell បានបញ្ជាក់ដូច្នេះថា «សហភាពអឺរ៉ុប មានការឯកភាពគ្នាក្នុងការគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន...ហើយច្បាស់ណាស់ថាការឈ្លានពានណាមួយលើអ៊ុយក្រែន នឹងបង្កជាផលវិបាកនយោបាយ និងការខាតបង់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរសម្រាប់រុស្ស៊ី»

គួរបញ្ជាក់ថា សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ីតាំងតែពីឆ្នាំ២០១៤មកម្ល៉េះ ដោយមានគោលដៅចម្បងលើវិស័យថាមពល, ធនាគារ និងឧស្សាហកម្មអាវុធ ហើយបច្ចុប្បន្នក៏កំពុងពិចារណាដាក់ទណ្ឌកម្មបន្ថែមផងដែរ នៅក្នុងករណីរុស្ស៊ីប្រើកម្លាំងយោធាវាយប្រហារលើអ៊ុយក្រែន ដែលក្រុមមន្ត្រីចារកម្ម អាមេរិកជឿថាអាចនឹងកើតឡើងនៅដើមឆ្នាំ២០២២ខាងមុខនេះ៕