(ប៉េកាំង)៖ សនិ្នសីទស្តីពីការងារសេដ្ឋកិច្ចមជ្ឈិមចិន ដែលប្រារព្ធឡើងក្នុងមួយឆ្នាំម្តង បានធ្វើឡើងនៅក្រុងប៉េកាំងពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ ប្រព័ន្ធសារព័ត៌មានអន្តរជាតិសំខាន់ៗជាច្រើន បាននាំគ្នាលើកឡើងពាក្យគន្លឹះមួយ គឺ «ស្ថិរភាព» ដែលមានចែងក្នុងសេចកី្តប្រកាសនៃសន្និសីទនេដែលបានចេញផ្សាយដោយប្រទេសចិន នៅយប់ថ្ងៃទី១០ ខែធ្នូនេះ។ «សនិ្នសីទនេះបានបញ្ចេញសញ្ញាដ៏ខ្លាំងក្លាមួយដែលនឹងលំនឹងសេដ្ឋកិច្ច» កាសែត «Lian he zao bao» នៃប្រទេសសិង្ហបុរី បានធ្វើការអត្ថាធិប្បាយដូចពោលខាងលើ។ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានចេញផ្សាយអត្ថបទដោយចង្អុលបង្ហាញថា ក្នុងសេចកី្តប្រកាសនៃសន្និសីទនៅឆ្នាំនេះ បានលើកឡើងពីពាក្យថា «ស្ថិរភាព» ចំនួន២៥ដង។

សនិ្នសីទស្តីពីការងារសេដ្ឋកិច្ចមជ្ឈិមចិន ដែលបានធ្វើឡើងជារៀងរាល់ឆ្នាំត្រូវបានមជ្ឈដ្ឋានខាងក្រៅ ចាត់ទុកថាជាព្រឹត្តិការណ៍ធំមួយដែលនឹងឆ្លុះបញ្ចាំង ពីនិន្នាការនៃគោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសចិន នាពេលមួយឆ្នាំខាងមុខ។ «ចំណុចសំខាន់ៗនៃការងារសេដ្ឋកិច្ចរបស់ប្រទេសចិននៅឆ្នាំក្រោយ គឺធានាឱ្យសេដ្ឋកិច្ចដំណើរការប្រកបដោយស្ថិរភាព ដែលត្រូវចាត់ទុកថាជាភារកិច្ចចម្បង និងស្វែងរកការវិវឌ្ឍរីកចម្រើនប្រកបដោយភាពនឹងនរ» នេះគឺជាតម្រូវការជាក់លាក់ ដែលសន្និសីទនេះបានលើកឡើង។ ក្នុងចំណោមគោលនយោបាយសំខាន់ៗចំនួន ៧ ដែលសន្និសីទនេះរៀបចំចាត់ចែង ភារកិច្ចទីមួយ គឺ ធ្វើឱ្យគោលនយោបាយម៉ាក្រូមានភាពនឹងនរនិងមានប្រសិទ្ធភាព។

ដូចសន្និសីទនេះដែលបានលើកឡើងថា នាពេលបច្ចុប្បន្ននេះ សេដ្ឋកិច្ចចិនបាននិងកំពុងប្រឈមនឹងកម្លាំងសម្ពាធទាំង៣ ពោលគឺ តម្រូវការត្រូវកាត់បន្ថយ រងការវាយប្រហារពីការផ្គត់ផ្គង់ និងមានការប៉ាន់ប្រមាណទាប ហើយបរិយាកាសអន្តរជាតិ គឺ «មានភាពកាន់តែស្មុគ្រស្មាញ និងតឹងរ៉ឹងព្រមនិងមិនប្រាកប្រជា»។ ក្នុងបរិបទបែបនេះ គោលនយោបាយម៉ាក្រូ បានផ្លាស់ប្តូរពីការគ្រប់គ្រងទៅជា ការរក្សាកំណើនដោយនឹងនរ ដែលជាចំណុចគន្លឹះនៃការលុបបំបាត់ហានិភ័យទាំងជាតិនិងអន្តរជាតិ ។ ដូច្នេះហើយ បានជាពាក្យគន្លឹះមួយ គឺ «ស្ថិរភាព» បានកំណត់នីតិវិធីការងារទូទៅនិងបង្ហាញពីទិសដៅ សម្រាប់ការងារសេដ្ឋកិច្ចរបស់ប្រទេសចិននៅឆ្នាំក្រោយ។

តាមពិតទៅ តាំងពីចូលឆ្នាំនេះមក អាស្រ័យដោយនីតិវិធីនៃការអភិវឌ្ឍប្រកបដោយស្ថិរភាព សេដ្ឋកិច្ចចិនបានពុះពារបញ្ហាប្រឈមជាច្រើន និងសម្រេចបាននូវការស្វែងរក ការវិវឌ្ឍរីកចម្រើនប្រកបដោយភាពនឹងនរ ពោលគឺ ក្នុងរយៈពេល ៩ ខែដំបូងឆ្នាំនេះ ផលិតផលក្នុងស្រុកសរុបរបស់ចិនបានកើនឡើង ៩.៨ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន គិតជាមធ្យម ក្នុងរយៈពេលពីរឆ្នាំកន្លងមក បានកើនឡើង ៥.២ភាគរយ ពីខែមករាដល់ខែតុលា ឆ្នាំនេះ តម្លៃបន្ថែមរបស់សហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំ នៅទូទាំងប្រទេសចិនបានកើនឡើង ៤២.២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

ចាប់ពីខែមករាដល់ខែតុលា ឆ្នាំនេះ ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គម បានកើនឡើង ១៤.៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងរយៈពេល ១១ខែដំបូងឆ្នាំនេះ ទំហំពាណិជ្ជកម្មសរុបខាងការនាំចេញ និងនាំចូលបានលើសពី ៣៥ទ្រីលានយាន់ប្រាក់ចិន ដែលបានកើនឡើង ២២ភាគរយ បើប្រៀបធៀននឹងរយៈពេលដូចគ្នានៃឆ្នាំមុន ហើយបានលើសពីកម្រិតពេញមួយឆ្នាំនៃឆ្នាំមុន ក្នុងរយៈពេល ១០ខែដំបូងឆ្នាំនេះ ចំនួនឱកាសការងារថ្មីតាមទីក្រុងនិងជនបទ នៅទូទាំងប្រទេសចិនមានដល់ទៅ ១១.៣៣ លាននាក់ ដែលសម្រេចបាននូវគោលដៅនិងភារកិច្ចពេញមួយឆ្នាំមុនកាលកំណត់។ល។ «ផែនការអភិវឌ្ឍជាតិ៥ឆ្នាំ ទី១៤»​ របស់ប្រទេសចិនសម្រេចបាននូវការចាប់ផ្តើមដ៏ល្អប្រសើរ ហើយសេដ្ឋកិច្ចចិនមានភាពធន់យ៉ាងខ្លាំង និន្នាការល្អប្រសើរជាមូលដ្ឋានរបស់សេដ្ឋកិច្ចចិន ដែលមានស្ថិរភាពក្នុងរយៈពេលយូរមិនបានកែប្រែនោះទេ។

ដូចពាក្យសន្យាដែលប្រទេសចិនបានធ្វើនោះថា ទ្វារបើកទូលាយរបស់ចិនកំពុងបើកកាន់តែធំឡើងៗ ហើយផលប្រយោជន៍ក្នុងការអភិវឌ្ឍ ដែលបានចែករំលែកជាមួយពិភពលោក ក៏នឹងកាន់តែច្រើនឡើងៗផងដែរ។ មិនថាស្ថានការណ៍លើឆាកអន្តរជាតិមានការប្រែប្រួលយ៉ាងណាក៏ដោយ ក៏ប្រទេសចិននៅតែបន្តធ្វើកិច្ចការរបស់ខ្លួន ឱ្យបានល្អយ៉ាងមុតមាំមិនងាករេ។ នេះគឺជាមូលហេតុដែលធ្វើឱ្យសេដ្ឋកិច្ចចិន ទទួលបានសមិទ្ធផលដ៏ល្អប្រសើរ ហើយក៏បានបំពេញបន្ថែមកម្លាំងចលករ សម្រាប់ខំប្រឹងប្រែងពុះពារឧបសគ្គនិងស្វែងរកការវិវឌ្ឍរីកចម្រើន ប្រកបដោយស្ថិរភាពនៅពេលអនាគតផងដែរ៕