(ប៉េកាំង)៖ ជំរាបសួរប្រិយមិត្ត កម្មវិធីគំនិតថ្មីនៅក្នុងប្រយោគបុរាណចិនពេលនេះ ជាឃ្លាបុរាណនិពន្ធឡើងនៅមុនគ្រិស្តសករាជ ដែលដកស្រង់ពីសៀវភៅ «晏子春秋» អានតាមភាសាចិនកុកងឺគឺ៖

«谋度于义者必得,事因于民者必成»
«móu dù yú yì zhě bì dé ,shì yīn yú mín zhě bì chéng»

មានន័យថា៖ គិតពិចារណាពីការធ្វើរឿងមួយដោយផ្អែកលើសច្ចធម៌នឹងទទួលបានផល ចាត់ចែងការងារពឹងលើប្រជាជនមុខជាជោគជ័យ។

ប្រវត្តិសាស្ត្រអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងចិន និងអាស៊ាន ក៏បានបញ្ជាក់ពីឃ្លាបុរាណចិននេះផងដែរ។ ឆ្នាំ២០២១ ប្រទេសចិន និងអាស៊ាន បានបង្កើតទំនាក់ទំនងសន្ទនាគម្រប់ ៣០ឆ្នាំ ថ្លែងក្នុងឱកាសកិច្ចប្រជុំកំពូល ដើម្បីរំលឹកខួបអនុស្សាវរីយ៍ លោក Xi Jinping ប្រធានរដ្ឋចិនបានប្រើឃ្លាបុរាណចិននេះដើម្បីគូសបញ្ជាក់ថា សូមយើងតម្កល់ទុកបំណងប្រជាជនយើង ដែលចង់ទទួលបានជីវភាពល្អបវរក្នុងចិត្ត ចាប់ដៃគ្នាឈានទៅមុខ បន្តធ្វើកិច្ចខិតខំតស៊ូ ដើម្បីកសាងសហគមន៍រួមវាសនាចិន-អាស៊ាន កាន់តែជិតស្និទ្ធ ដើម្បីរួមគ្នាបង្កើតតំបន់ និងពិភពលោកដែលកាន់តែរុងរឿងនិងល្អបវរ!។

សូមបញ្ជាក់ថា រយៈពេល ៣០ ឆ្នាំកន្លងមកនេះ ចិននិងអាស៊ានបានផ្តួចផ្តើមគោលការណ៍ ៥ ខនៃការរួមរស់នៅដោយសន្តិសហវិជ្ជមាននិង «ស្មារតីក្រុងប៉ានដុង» បានបង្កើតតំបន់ពាណិជ្ជកម្មសេរី រួមគ្នាកសាងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ប្រកបដោយគុណភាពខ្ពស់ រួមគ្នាជំរុញការចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់» ក៏ដូចជាបានរួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមធំៗ ដូចជាវិបត្តិហិរញ្ញវត្ថុអាស៊ី វិបត្តិហិរញ្ញវត្ថុអន្តរជាតិ សភាពការណ៍រាលដាលជំងឺកូវីដ១៩ជាដើម ប្រទេសចិន និងបណ្តាប្រទេសអាស៊ានបានគោរពគ្នា ជួយគ្នា គាំទ្រគ្នាជាប់រហូត បានប្រកាន់ខ្ជាប់ភាពបរិយាប័ន្ន និងសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក បានធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ការអភិវឌ្ឍក្នុងតំបន់តែល្អប្រសើរ ផលប្រយោជន៍របស់ប្រជាជនក្នុងតំបន់ក៏កាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ គុណតម្លៃអាស៊ីត្រូវបានផ្សព្វផ្សាយដោយឥតឈប់ឈរ គំនិតសហគមន៍រួមវាសនាក៏កាន់តែរឹងមាំ។ ការពិតជាក់ស្តែងបានបញ្ជាក់ដោយពេញលេញថា កិច្ចសហប្រតិបត្តិការរវាងចិន និងអាស៊ានជាជម្រើសប្រវត្តិសាស្ត្រដ៏ត្រឹមត្រូវ គួរប្រកាន់ខ្ជាប់ឱ្យបានយូរ និងបន្តជំរុញឱ្យអភិវឌ្ឍរីកចម្រើនថែមទៀត។

គិតពិចារណាពីការធ្វើរឿងមួយដោយផ្អែកលើសច្ចធម៌នឹងទទួលបានផល ចាត់ចែងការងារពឹងលើប្រជាជនមុខជាជោគជ័យ។ ចិននិងអាស៊ានជាមហាគ្រួសារនិងសហគមន៍រួមវាសនា។ យើងគួរប្រមូលផ្តុំកម្លាំងនៃសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងឡើង ដើម្បីរួមចំណែកកាន់តែធំដល់ការរីកចម្រើននៃបុព្វហេតុមនុស្សជាតិ៕