(អាប៊ូ ដាប៊ី)៖ លោក Naftali Bennett បានធ្វើដំណើរទៅដល់ប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ដែលជាការបំពេញដំណើរ ទស្សនកិច្ចផ្លូវការ ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ ក្នុងនាមជានាយករដ្ឋមន្ត្រីអ៉ីស្រាអែល បន្ទាប់ពីប្រទេសទាំង២ បានបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១។

បើតាមគ្រោងទុក, លោក Naftali Bennett នឹងត្រូវជួបជាមួយព្រះអង្គម្ចាស់រាជទាយាទ សៀស មហាំម៉ាត់ ប៊ីន ហ្សៃយ៉ីដ អាល់ណាស់យ៉ាន (Sheikh Mohammed bin Zayed Al-Nahyan) នៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាគ្នាពីការពង្រឹងទំនាក់ទំនងរវាងអ៉ីស្រាអែល និងអេមីរ៉ាតអារ៉ាប់រួម ឱ្យកាន់តែស៊ីជម្រៅ ជាពិសេសខាងវិស័យសេដ្ឋកិច្ច និងបញ្ហានៅក្នុងតំបន់។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Naftali Bennett នៅអេមីរ៉ាតអារ៉ាប់រួម ត្រូវបានលោក Bennett ផ្ទាល់ថាចាត់ទុកថាជាប្រវត្តិសាស្ត្រដែល នាយករដ្ឋមន្ត្រីអ៉ីស្រាអែលម្នាក់បំពេញទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប់មួយនេះ។ ប៉ុន្តែ អេមីរ៉ាតអារ៉ាប់រួម មិនទាន់បានឆ្លើយតបអ្វីទៅនឹងការអត្ថាធិប្បាយរបស់ លោក Bennett ឡើយ៕