(លីវើភូល, អង់គ្លេស)៖ ក្រុមបណ្ដាប្រទេស G7 បានព្រមានថារុស្ស៊ីនឹងត្រូវប្រឈមមុខនឹងផលវិបាក និងការខាតបង់យ៉ាងធ្ងន់ធ្ងរ ប្រសិនបើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បញ្ជាឱ្យបើកការវាយប្រហារណាមួយលើប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១។

ការព្រមានខាងលើ ធ្វើឡើងនៅក្នុងសេចក្ដីព្រាងនៃសេចក្ដីថ្លែងការណ៍មួយរបស់ថ្នាក់ដឹកនាំនៃប្រទេស G7 ដែលបានជួបប្រជុំគ្នាក្នុងទីក្រុងលីវើភូល (Liverpool) ប្រទេសអង់គ្លេស កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅនេះ។ សេចក្ដីថ្លែងការណ៍នេះដដែលបានបញ្ជាក់ដូច្នេះថា «រុស្ស៊ីមិនគួរមានអ្វីត្រូវសង្ស័យទៀតទេថា ការវាយប្រហារលើប្រទេសអ៊ុយក្រែន នឹងត្រូវប្រឈមមុខនឹងផលវិបាក រួមទាំងការខាតបង់យ៉ាងធ្ងន់ធ្ងរ។ យើងសូមអះអាងជាថ្មីឡើងវិញពីការប្ដេជ្ញាចិត្តឥតងាករេ ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីអ៊ុយក្រែន»

គួរបញ្ជាក់ថា បើតាមចារកម្មរបស់សហរដ្ឋអាមេរិក, រុស្ស៊ីមានផែនការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែន នៅដើមឆ្នាំ២០២២ខាងមុខនេះ តាមរយៈ
ការដាក់ពង្រាយកងទ័ពយ៉ាងហោច ១៧៥,០០០នាក់។ ប៉ុន្តែ ទីក្រុងម៉ូស្គូបានច្រានចោលការចោទប្រកាន់បែបនេះ ហើយថាវាគ្រាន់តែជាការចោទប្រកាន់គ្មាន មូលដ្ឋាន និងមានចេតនាលើកទឹកចិត្តឱ្យមានការប្រឆាំងនឹងរុស្ស៊ីតែប៉ុណ្ណោះ៕