BREAKING: វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «១៤,៦៣៨ករណី» ក្នុងនោះទីក្រុងហូជីមិញ និងហាណូយរ៉ាប់រ៉ងច្រើនជាងគេ ព្រមទាំងស្លាប់ថ្មីចំនួន២២៨នាក់ទៀតក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ
12-12-2021 19:56
(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៤,៦៣៨ ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើមាន១៧ករណីជាករណីនាំចូល ក្រៅពីនោះ ជាករណីឆ្លងក្នុងស្រុកទាំងអស់។ ដោយឡែកទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះតែឯងរហូតដល់១,២១៦ករណី ខណៈរដ្ឋធានីហាណូយដែលជាចំណុចក្តៅទី២ បានរាយការណ៍ចំនួន ៩៨០ករណី។
ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន២២៨នាក់បន្ថែមទៀតផងដែរ។
សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,៤១៣,០៥១នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,០៥៤,៧២០នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២៧,៨៣៩នាក់៕