(វ៉ាស៉ីនតោន)៖ កាលពីយប់ថ្ងៃសុក្រឈានចូលថ្ងៃសៅរ៍ចុងសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ព្យុះកំណាចថូណាដូ (Tornado) ជាច្រើន បានវាយប្រហារលើតំបន់ភាគកណ្តាល និងភាគខាងត្បូងនៃសហរដ្ឋអាមេរិក ខណៈអាជ្ញាធរអាមេរិកកំពុងបារម្ភថា ចំនួនមនុស្សស្លាប់អាចលើសពី៨០នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី១២ ខែធ្នូ ឆ្នាំ២០២១។
អភិបាលរដ្ឋឃិនថាក់គី (Kentucky) លោក អាន់ឌី បេសៀរ (Andy Beshear) បានឲ្យដឹងថា យ៉ាងហោចអាចមានមនុស្សជាង ៧០នាក់ បានបាត់បង់ជីវិត នៅរដ្ឋនេះ ក្រោយការវាយប្រហារនៃព្យុះកំណាចទាំងនោះ ដ្បិតរោងចក្រមួយកន្លែង ដែលមានវត្តមានមនុស្ស១១០នាក់ ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង។
ចំណែកនៅរដ្ឋដទៃទៀត គឺករណីមនុស្សស្លាប់២នាក់ ត្រូវបានរាយការណ៍នៅរដ្ឋអាកាន់សាស់ (Arkansas), ៤នាក់នៅរដ្ឋថេនណេសី (Tennessee), ៦នាក់នៅរដ្ឋអ៉ីលីណយ (Illinois), និង២នាក់នៅរដ្ឋមីស៊ូរី (Missouri)។ រីឯរដ្ឋមីស៉ីស៉ីពី (Mississippi) ក៏បានរងការវាយប្រហារ ពីព្យុះ Tornado ដែរ ប៉ុន្តែមិនទាន់ឃើញមានសេចក្តីរាយការណ៍ អំពីមនុស្សបាត់បង់ជីវិតនៅឡើយទេ។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអនុញ្ញាតចំពោះការប្រកាសអាសន្ននៅរដ្ឋ Kentucky សម្រាប់គ្រោះមហន្តរាយព្យុះ Tornado នេះ ហើយលោកក៏មានបំណងគ្រោងធ្វើទស្សនកិច្ច ទៅកាន់តំបន់រងគ្រោះផ្ទាល់ផងដែរ ដើម្បីពិនិត្យមើលស្ថានការណ៍ជាក់ស្តែង៕