(ព្រុចសែល)៖ សហភាពអឺរ៉ុប (EU) នៅថ្ងៃសុក្រសប្ដាហ៍នេះបានព្រមានថា ប្រទេសរុស្ស៊ីនឹងប្រឈមមុខចំពោះផលវិបាក ប្រសិនបើហ៊ានឈ្លានពានលើ ប្រទេសអ៊ុយក្រែន ខណៈអធិការបតីថ្មីរបស់ប្រទេសអាល្លឺម៉ង់ បានអំពាវនាវឱ្យមានកិច្ចពិភាក្សា ដើម្បីដោះស្រាយភាពតានតឹង បន្ទាប់ពីទីក្រុងម៉ូស្គូ បានប្រមូលផ្តុំកងទ័ពកាន់តែច្រើន នៅតាមព្រំដែនជាមួយអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី១១ ខែធ្នូ ឆ្នាំ២០២១។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយែន (Ursula von der Leyen) បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានរួមមួយ ជាមួយអធិការបតីថ្មីរបស់ប្រទេសអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz) ថា «ការឈ្លានពាន នឹងត្រូវទទួលការការតបស្នងទៅវិញ ហើយជាមូលហេតុដែលយើងនឹងពិភាក្សាគ្នាលើចំណុចនេះ គឺដើម្បីប្រុងប្រៀបទុកជាមុន»។ អ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីថា បាននិងកំពុងរៀបចំផែនការវាយប្រហារដោយយោធា ទ្រង់ទ្រាយធំដែលអាចកើតមានឡើង ប៉ុន្តែវិមានក្រឹមឡាំង (Kremlin) បានបដិសេធចំពោះការចោទប្រកាន់ខាងលើនេះ ដោយនិយាយថា ខ្លួនមិនបានរៀបចំផែនការវាយប្រហារណាមួយឡើយ។

លោកស្រី Von der Leyen បានថ្លែងទៀតថា EU នឹងមិនចូលរួមក្នុងកិច្ចពិភាក្សាជាសាធារណៈណាមួយលើ «ការដាក់ទណ្ឌកម្ម និងការចាត់វិធានការផ្សេងទៀតលើផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» ដែលបណ្ដាប្រទេសអឺរ៉ុបចំនួន ២៧ប្រទេស នឹងចូលរួមជាមួយដៃគូរបស់ពួកគេ ប្រឆាំងនឹងទីក្រុងម៉ូស្គូ ក្នុងករណីមានការឈ្លានពាននោះទេ។ លោកស្រី Von der Leyen បានសង្កត់ធ្ងន់បន្ថែមថា «យើងចង់បានទំនាក់ទំនងល្អជាមួយប្រទេសរុស្ស៊ី ប៉ុន្តែអ្វីដែលជាអាទិភាព និងសំខាន់បំផុតនោះ គឺទៅលើឥរិយាបទរបស់ប្រទេសរុស្ស៊ីដែរ ខណៈប្រទេសរុស្ស៊ី នាពេលបច្ចុប្បន្ននេះ កំពុងប្រកាន់ជំហរគំរាមកំហែង ចំពោះប្រទេសជិតខាងរបស់ខ្លួន ដែលធ្វើឱ្យខូចសន្តិសុខរបស់អឺរ៉ុបជារួម»

កាលពីថ្ងៃសុក្រដដែល ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសបារាំង លោក Olaf Scholz ក៏បានអំពាវនាវឱ្យមានកិច្ចពិភាក្សារួមក្នុងទម្រង់ ន័រមែនឌី (Normandy Format) ឡើងវិញផងដែរ រវាងប្រទេសអាល្លឺម៉ង់ បារាំង រុស្ស៊ី និងអ៊ុយក្រែន ដើម្បីដោះស្រាយវិបត្តិនេះ។

លោក Olaf Scholz បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅក្រោយពេលជួបជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាល មីសែល (Charles Michel) ថា «យើងមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីសកម្មភាពកងទ័ព ដែលយើងកំពុងមើលឃើញនៅតាមព្រំដែនប្រទេសអ៊ុយក្រែន ហើយនោះជាមូលហេតុសំខាន់ខ្លាំងណាស់ ដែលអឺរ៉ុបត្រូវតែប្រកាន់ជំហររឹងមាំ នៅក្នុងតំបន់នេះ ហើយត្រូវតែបង្ហាញយ៉ាងច្បាស់ថា ព្រំដែនរបស់អឺរ៉ុប គឺមិនអាចរំលោភបំពានបានទេ»