(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅថ្ងៃសុក្រនេះបានឈ្នះការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការទីក្រុងឡុងដ៍ ដែលបានរារាំងការធ្វើបត្យាប័នស្ថាបនិក WikiLeaks លោក Julian Assange ពីចក្រភពអង់គ្លេសទៅសហរដ្ឋអាមេរិក ដែលលោកអាចនឹងធ្វើឲ្យលោកជាប់ពន្ធនាគារ១៧៥ឆ្នាំនៅទីនោះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន France24 នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។

សេចក្តីសម្រេចកាលពីថ្ងៃសុក្រ ដែលបដិសេធការសម្រេចចិត្តមុននេះ មានន័យថា លោក Assange ដែលមានអាយុ៥០ឆ្នាំ ឥឡូវនេះអាចនឹងត្រូវធ្វើបត្យាប័នពីពន្ធនាគារ Belmarsh ដែលមានសន្តិសុខខ្ពស់នៅទីក្រុងឡុងដ៍ទៅកាន់សហរដ្ឋអាមេរិក ជាកន្លែងដែលលោកនឹងប្រឈមមុខនឹងការចោទប្រកាន់ពីបទចារកម្មលើការបោះពុម្ពផ្សាយឯកសារសម្ងាត់យោធារបស់ WikiLeaks មួយទសវត្សរ៍កន្លងទៅ។

ទីក្រុងវ៉ាស៊ីនតោនបានជំទាស់នឹងការសម្រេចចិត្តដែលបានធ្វើឡើងនៅក្នុងខែមករា ដែលថាជនជាតិអូស្ត្រាលីអាយុ៥០ឆ្នាំរូបនេះ នឹងមានគ្រោះថ្នាក់នៃការធ្វើអត្តឃាតប្រសិនបើគាត់ត្រូវបានផ្ទេរទៅប្រព័ន្ធយុត្តិធម៌របស់សហរដ្ឋអាមេរិក។

តុលាការកំពូលអង់គ្លេសត្រូវបានគេរាយការណ៍ថា ពេញចិត្តនឹងការធានាខាងការទូតដែលផ្តល់ដោយសហរដ្ឋអាមេរិកថា លោក Assange នឹងមិនត្រូវបានដាក់នៅក្រោមវិធានការរដ្ឋបាលពិសេសនៅអាមេរិកឡើយ។

គូដណ្តឹងរបស់ Assange ឈ្មោះ Stella Moris និយាយថា សេចក្តីសម្រេចរបស់តុលាការជាន់ខ្ពស់កាលពីថ្ងៃសុក្រ គឺជា «កំហុសយ៉ាងធ្ងន់ធ្ងរក្នុងការអនុវត្តិប្រព័ន្ធយុត្តិធម៌»៕