(ប្រេតូរីយ៉ា)៖ ក្រុមអ្នកវិទ្យាសាស្រ្តអាហ្វ្រិកខាងត្បូងនាថ្ងៃសុក្រនេះ បានឲ្យដឹងថា ពួកគេមិនទាន់ប្រទះឃើញសញ្ញាណាមួយ ដែលបង្ហាញថា វីរុស COVID-19 បំប្លែងថ្មី Omicron កំពុងបង្កអាការៈជំងឺធ្ងន់ធ្ងរ ជាងវីរុសបំប្លែងថ្មីដទៃទៀតនៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១។

ក្រុមអ្នកវិទ្យាសាស្រ្តអាហ្វ្រិកខាងត្បូង បាននិយាយថា ចាប់តាំងពីវីរុស Omicron ត្រូវបានរកឃើញ ករណីឆ្លង COVID-19 ប្រចាំថ្ងៃ នៅក្នុងប្រទេសអាហ្រ្វិកខាងត្បូង មានការកើនឡើងខ្ពស់ក៏ពិតមែន ប៉ុន្តែចំនួនអ្នកជំងឺឈឺធ្ងន់ និងករណីអ្នកជំងឺស្លាប់ ត្រូវបានកត់សម្គាល់ឃើញថា មិនមានការកើនឡើងខ្លាំងណាស់ណាឡើយ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេបានបន្តថា នៅត្រូវការពេលវេលាតាមដានបន្ថែមទៀត ដើម្បីអាចឈានដល់ការសន្និដ្ឋានច្បាស់លាស់តែម្តង ប៉ុន្តែសញ្ញាបឋមនេះ អាចចាត់ទុកជាសញ្ញាវិជ្ជមានមួយ។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អាហ្រ្វិកខាងត្បូងបានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីៗចំនួនជាង ២២,០០០នាក់ ខណៈវាជាកំណត់ត្រាខ្ពស់បំផុតមួយ កំលុងរលកឆ្លងរាលដាលបច្ចុប្បន្ន ដែលជំរុញដោយវីរុស Omicron ប៉ុន្តែនៅទាបជាងកំណត់ត្រាលើស ២៦,០០០នាក់ក្នុងមួយថ្ងៃ កំលុងរលកឆ្លងរាលដាលកន្លងមក ដែលជំរុញដោយវីរុស Delta នៅឡើយទេ។

គួរបញ្ជាក់ថា មកទល់ពេលឥឡូវ មនុស្សចំនួនជាង១៥លាននាក់ ឬស្មើនឹង២៥.៦ភាគរយនៃចំនួនប្រជាជនសរុបរបស់អាហ្រ្វិកខាងត្បូង ទទួលបានចាក់វ៉ាក់សាំងគ្រប់ដូស ខណៈអាជ្ញាធរប្រទេសអាហ្រ្វិកមួយនេះ ទើបតែប្រកាសពីគម្រោងត្រៀមចាប់ផ្តើមយុទ្ធនាការចាក់ដូសជំរុញ៕