(យូអិន)៖ សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ (UN) បានប្រកាសថ្កោលទោសរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក្រោយពីមានសេចក្តីរាយការណ៍ អំពីការសម្លាប់អ្នកភូមិចំនួន ១១នាក់ ក្នុងនោះរួមមានទាំងកុមារ ក្នុងតំបន់អសន្តិសុខមួយ នៅភាគកណ្តាលប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅរសៀលថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១។

ក្រសួងការបរទេសអាមេរិក និងប្រមុខអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ចំពោះរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងនៅអាមេរិក) បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមីយ៉ាន់ម៉ា រួមនិងសាក្សីមួយចំនួនបានអះអាងថា ក្រុមទាហានបានចាប់ខ្លួនមនុស្សចំនួន ១១នាក់ ពីភូមិ ដុនថរ (Dontaw) ក្នុងតំបន់ សាហ្គេង (Sagaing) ហើយសម្លាប់ពួកគេ ខណៈមួយថ្ងៃមុននោះ មានការវាយប្រហារដោយគ្រាប់មីន និងគ្រាប់បែកទៅលើក្បួនរថយន្តរបស់យោធា។

យ៉ាងណាមិញ ខាងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានច្រានចោលនូវសេចក្តីរាយការណ៍ព័ត៌មានខាងលើ។ រីឯប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា Global New Light of Myanmar នៅថ្ងៃសុក្រនេះបានចេញផ្សាយថា សេចក្តីរាយការណ៍ព័ត៌មាននោះ គឺជាព័ត៌មានប្រឌិតសុទ្ធសាធ និងជាភស្តុតាងបង្ហាញឲ្យឃើញពី ការគប់គិតគ្នារវាងបណ្តាញក្នុងស្រុក ហើយនិងពួកបរទេស។

គួរបញ្ជាក់ថា ចាប់តាំងតែពីព្រឹត្តិការណ៍ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលសហគមន៍អន្តរជាតិចាត់ទុក ជារដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាល លោកស្រី អោង សាន ស៊ូ ជី រហូតមកទល់ពេលនេះ យោធាមីយ៉ាន់ម៉ាបានបន្តស្ថិតក្នុងស្ថានភាពជាប់គាំង ដោយបង្ហូរឈាមជាមួយក្រុមសកម្មប្រយុទ្ធ ដែលធ្វើសកម្មភាពនៅតាមតំបន់ផ្សេងៗជុំវិញប្រទេស ដើម្បីព្យាយាមប្រឆាំងតទល់របបរបស់ខ្លួន៕