(រ៉ង់ហ្គូន)៖ នៅថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១ នេះ សកម្មភាពសង្គមស្ទើរតែទាំងអស់ នៅតាមទីប្រជុំជនសំខាន់ៗទូទាំងប្រទេសមីយ៉ាន់ម៉ា ត្រូវបានផ្អាក ហើយនៅតាមដងផ្លូវ និងទីកន្លែងដែលធ្លាប់មានមនុស្សម្នាកកកុញនោះ ក៏ប្រែជាស្ងាត់ជ្រងំ ស្ទើរតែគ្មានវត្តមានមនុស្ស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ទិដ្ឋភាពបែបនេះត្រូវបានគេដឹងថា ជាការសម្តែងការតវ៉ាតាមបែបថ្មី ចំពោះរបបយោធាមីយ៉ាន់ម៉ា ក្រោយពីការតវ៉ា និងទទួលរងការបង្ក្រាបយ៉ាងក្តៅគគុក ជាបន្តបន្ទាប់រួចមកហើយ។ ការតវ៉ាបែបនេះ បានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកស្រី អោង សាន ស៊ូ ជី និងអតីតប្រធានាធិបតីលោក វីន ម្យីនត៍ (Win Myint) ត្រូវបានតុលាការនៃរបបយោធាមីយ៉ាន់ម៉ា ផ្តន្ទាទោសជាលើកដំបូង ឲ្យអ្នកទាំងពីរជាប់ឃុំក្នុងលំនៅឋានរៀងៗខ្លួន នៅរដ្ឋធានីណៃពិដោរយៈពេល ២ឆ្នាំ។
បើតាមការចេញផ្សាយរូបភាពជាច្រើន ដោយសារព័ត៌មានក្នុងស្រុកមីយ៉ាន់ម៉ា បានបង្ហាញឲ្យឃើញថា នៅតាមទីក្រុងធំៗមួយចំនួនដូចជា ម៉ាន់ដាឡាយ (Mandalay) និងរ៉ង់ហ្គូន (Yangon) ជាដើម ដងផ្លូវជាច្រើនស្ទើរតែគ្មានមនុស្សឆ្លងកាត់ ខណៈអាជីវកម្មនានាត្រូវបិទទ្វារ។ ដោយឡែកសម្រាប់ទីក្រុង ស្វេបូ (Shwebo) ស្ថិតនៅភាគខាងជើងប្រទេសវិញ ប្រជាជនជាច្រើនបាននាំគ្នាស្លៀកពាក់ខោអាវឈុតខ្មៅ ដើម្បីសម្តែងការប្រឆាំងចំពោះយោធា ដែលបានធ្វើរដ្ឋប្រហារទម្លាក់លោកស្រី អោង សាន ស៊ូ ជី ចេញពីអំណាចកាលពីខែកុម្ភៈ ឆ្នាំ២០២១៕