(ប៉េកាំង)៖ ប្រទេសចិន និងនីការ៉ាហ្គា នៅថ្ងៃសុក្រនេះ បានចាប់ផ្ដើមបន្តទំនាក់ទំនងផ្នែកការទូតឡើងវិញហើយ ពោលគឺមួយថ្ងៃបន្ទាប់ពីនីការ៉ាហ្គាបានផ្តាច់ «ទំនាក់ទំនងផ្នែកការទូត» របស់ខ្លួនជាមួយកោះតៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នៅថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១។

អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសនៅថ្ងៃសុក្រនេះថា ប្រទេសទាំងពីរបានចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួមស្តីពីការចាប់ផ្ដើមបន្តទំនាក់ទំនងផ្នែកការទូតឡើងវិញ រវាងសាធារណៈរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋនីការ៉ាហ្គា។

បើតាមសេចក្តីថ្លែងការណ៍រួមខាងលើ រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព រវាងប្រទេសរបស់ខ្លួនឡើងវិញ ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដី, មិនឈ្លានពានគ្នាទៅវិញទៅមក, មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក , ផ្ដល់ភាពស្មើគា្ន, ផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងរួមរស់ជាមួយគ្នាដោយសន្តិភាព។

អ្នកនាំពាក្យរូបនេះ បាននិយាយថា «រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានសម្រេចចិត្តទទួលស្គាល់គ្នាទៅវិញទៅមក និងចាប់ផ្ដើមបន្តទំនាក់ទំនងផ្នែកការទូតឡើងវិញ នៅកម្រិតឯកអគ្គរដ្ឋទូត ចាប់ពីថ្ងៃចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមខាងលើតទៅ»

ដោយកត់សម្គាល់ថា នីការ៉ាហ្គា គឺជាប្រទេសសំខាន់មួយនៅតំបន់អាមេរិកកណ្តាល អ្នកនាំពាក្យដដែល បានបន្ថែមថា ប្រទេសចិន ពិតជាកោតសរសើយ៉ាងក្រៃលែងចំពោះការសម្រេចចិត្តរបស់ប្រទេសនេះក្នុងការទទួលស្គាល់ និងការប្តេជ្ញាគោរពតាមគោលការណ៍ចិនតែមួយ។ មានតែប្រទេសចិនតែមួយគត់នៅលើពិភពលោក ហើយរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល ខណៈដែលកោះតៃវ៉ាន់ គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន៕