(កង់បេរ៉ា)៖ គ្រោះធម្មជាតិចំនួន២ កំពុងវាយប្រហារលើប្រទេសអូស្រ្តាលីនៅថ្ងៃសុក្រនេះ ដោយនៅតាមបណ្តោយឆ្នេរភាគខាចលិចប្រទេស គឺការឆេះរាលដាលនៃភ្លើងឆេះព្រៃ ខណៈនៅភាគខាងកើត គឺភ្លៀងធ្លាក់ខ្លាំង បានបង្កជាទឹកជំនន់ធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១។

ក្រោយពីសីតុណ្ហភាពបានកើនឡើងខ្ពស់ប៉ុន្មានសប្តាហ៍មកនេះ ភ្លៀងឆេះព្រៃបានឆេះរាលដាលលើផ្ទៃដីមួយផ្នែកធំ នៅតំបន់ ម៉ាហ្ការេត រីវើ (Margaret River) ស្ថិតក្នុងរដ្ឋអូស្រ្តាលីខាងលិច និងជាតំបន់ល្បីឈ្មោះមួយ ក្នុងចំណោមភ្ញៀវទេសចរ។ យ៉ាងណាក្តី ពុំទាន់មានលំនៅឋានណាមួយ បានរងការខូចខាត ឬមនុស្សណាម្នាក់បានរងគ្រោះថ្នាក់ ពីភ្លៀងឆេះព្រៃនេះនៅឡើយទេ។ អាជ្ញាធរអូស្រ្តាលីបានដាក់ចេញ នូវការប្រកាសអាសន្ន ហើយមនុស្សមួយចំនួន ត្រូវបានស្នើឲ្យភៀសខ្លួនទៅកាន់ កន្លែងសុវត្ថិភាពជាបណ្តោះអាសន្ន។

ខណៈបណ្តោយឆ្នេររបស់អូស្រ្តាលី ដែលនៅជាប់មហាសមុទ្រឥណ្ឌា បានស្ថិតក្រោមសីតុណ្ហភាពខ្ពស់ រហូតបង្កឲ្យមានភ្លើងឆេះព្រៃ នៅបណ្តោយឆ្នេរម្ខាងទៀត ដែលនៅជាប់មហាសមុទ្រប៉ាស៉ីហ្វិកឯណោះវិញ គឺបានទទួលរងការធ្លាក់ភ្លៀងជោគជាំ ប៉ុន្មានខែមកហើយ។ ប្រព័ន្ធសម្ពាធទាបមួយ ដែលទើបកកើតឡើង នៅក្បែរភាគខាងត្បូងរដ្ឋញូសោតវែលស៍ កំពុងនាំមកនូវភ្លៀងធ្លាក់កាន់តែខ្លាំង រួមជាមួយទឹកជំនន់កាន់តែធ្ងន់ធ្ងរថែមទៀត។

គួរបញ្ជាក់ថា យោងតាមការជឿជាក់របស់ក្រុមអ្នកវិទ្យាសាស្រ្ត ការទទួលរងគ្រោះធម្មជាតិកាន់តែអាក្រក់ទៅៗ ដូចជាគ្រោះរាំងស្ងួត ភ្លើងឆេះព្រៃ និងទឹកជំនន់ នៅប្រទេសអូស្រ្តាលី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺដោយសារតែផលប៉ះពាល់ ពីការប្រែប្រួលអាកាសធាតុពិភពលោក៕