(ប៉េកាំង)៖ អ្នកនាំពាក្យមួយរូបរបស់ប្រទេសចិន នៅថ្ងៃសុក្រនេះបានចេញមុខ រិះគន់ធ្ងន់ៗចំពោះបក្សកាន់អំណាច (DPP) របស់កោះតៃវ៉ាន់ដែលបានចាត់តំណាងឲ្យចូលរួម «កិច្ចប្រជុំកំពូលប្រជាធិបតេយ្យ» រៀបចំឡើងដោយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នារសៀលថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១។

លោក ម៉ា ហ្ស៊ាវក្វាង (Ma Xiaoguang) អ្នកនាំពាក្យការិយាល័យទទួលបន្ទុក កិច្ចការពាក់ព័ន្ធកោះតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋចិនបានថ្លែងថា ទង្វើរបស់គណបក្ស DPP នៅតំបន់តៃវ៉ាន់ គឺជាការបង្ហាញឲ្យគ្រប់គ្នាមើលឃើញ នូវចេតនាចង់បានឯករាជ្យ ក្រោមលេសនៃប្រជាធិបតេយ្យ។

លោក ម៉ា បានសង្កត់ធ្ងន់ទៀតថា «វេទិកាដែលត្រូវបានគេដាក់ឈ្មោះថា កិច្ចប្រជុំកំពូលដើម្បីលទ្ធិប្រជាធិបតេយ្យ» នោះត្រឹមតែជាឧបាយកល ដើម្បីកេងចំណេញផ្នែកនយោបាយ និងផលប្រយោជន៍ផ្ទាល់ខ្លួន របស់សហរដ្ឋអាមេរិកប៉ុណ្ណោះ»។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលប្រជាធិបតេយ្យ កំពុងប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ៩-១០ ខែធ្នូ តាមរយៈប្រព័ន្ធវីដេអូ ដោយមានប្រទេសប្រមាណជាង ១០០ចូលរួម។ ប្រទេសចិន និងរុស្ស៊ី ដែលជាអ្នកជំទាស់យ៉ាងខ្លាំងក្លា ចំពោះកិច្ចប្រជុំខាងលើនេះ បានលើកឡើងរួមគ្នាថា «គ្មានប្រទេសណាមួយ ដែលមានសិទ្ធិប្រើម៉ែត្ររបស់ខ្លួនឯង មកវាស់វែងទិដ្ឋភាពនយោបាយដ៏ធំទូលាយ និងចម្រុះ នៃពិភពលោកទាំងមូលនេះបានឡើយ»