(ម៉ូស្គូ)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រុស្ស៉ីនៅតែបន្តប្រើវោហារសាស្រ្តធ្ងន់ៗ ដើម្បីរក្សាស្ថានការណ៍ឲ្យនៅតានតឹងដដែល ជុំវិញបញ្ហាអ៊ុយក្រែន ខណៈដែលខ្លួនកំពុងរង់ចាំមើលសកម្មភាពបន្ទាប់ទៀត ពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១។

រុស្ស៉ីបានចោទអ៊ុយក្រែនថា កំពុងបង្កើនភាពតានតឹងជាមួយ ក្រុមឧទ្ទាមគាំទ្ររុស្ស៉ី នៅតំបន់ ដុនបាស់ (Donbass) ដែលជាតំបន់ជម្លោះនៅភាគខាងកើត ប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ត្រូវប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីស្រង់សម្តីថា ស្ថានការណ៍នៅ Donbass បច្ចុប្បន្នកំពុងតែស្រដៀងគ្នាទៅនឹង ការត្រៀមប្រព្រឹត្តអំពើប្រល័យពូជសាសន៍យ៉ាងដូច្នោះ។

ចំណែកបណ្តាញស៉ើបការណ៍សម្ងាត់រុស្ស៉ី បានអះអាងថា អ៊ុយក្រែនក៏បានបញ្ជូននាវាយោធាមួយគ្រឿង សំដៅទៅកាន់ច្រកសមុទ្រ ឃើច (Kerch) ដែលនៅចន្លោះប្រទេសរុស្ស៉ី និងឧបទ្វីបគ្រីមៀផងដែរ ហើយមិនបានឆ្លើយតបសំណើរបស់រុស្ស៉ី ឲ្យផ្លាស់ប្តូរទិសដៅធ្វើដំណើរនោះឡើយ។ ខាងក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយថា នាវាយោធានោះ គឺជានាវាស្វែងរកនិងជួយសង្រ្គោះ ដែលមិនមានបំពាក់សព្វាវុធអ្វីទេ។

រីឯអនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ រីយ៉ាប់កូវ (Sergei Ryabkov) ថែមទាំងបានលើកឡើងថា ភាពតានតឹងនាពេលនេះ រវាងក្រុមប្រទេសលោកខាងលិច ជាមួយប្រទេសរុស្ស៉ី ជុំវិញបញ្ហាអ៊ុយក្រែន អាចប្រែក្លាយទៅជាវិបត្តិ ដូចទៅនឹងវិបត្តិមីស៉ីលគុយបាកាលពីឆ្នាំ១៩៦២ ជាថ្មីម្តងទៀត ដែលកាលណោះសហរដ្ឋអាមេរិក និងរុស្ស៉ី ស្ទើរតែផ្ទុះសង្រ្គាមនុយក្លេអ៊ែរជាមួយគ្នាទៅហើយ។

វោហារសាស្រ្តទាំងអស់នេះ ពីសំណាក់ទីក្រុងម៉ូស្គូ បានកើតមានឡើងតែ ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីជំនួបតាមប្រព័ន្ធវីដេអូអនឡាញ រវាងលោក បៃដិន និងលោក ពូទីន ដែលត្រូវបានរៀបចំឡើង ក្រោមគោលដៅជួយព្យាយាមកាត់បន្ថយភាពតានតឹង ជុំវិញបញ្ហាអ៊ុយក្រែន។ រុស្ស៉ីត្រូវគេមើលឃើញថា កំពុងរក្សាតានតឹងឲ្យនៅខ្ពស់បែបនេះ ដើម្បីរង់ចាំមើលជំហានបន្ទាប់ទៀតរបស់លោក បៃដិន ដែលបាននិយាយថា លោកគ្រោងរៀបចំកិច្ចពិភាក្សាបន្តទៀត ដែលអាចមានការចូលរួមពីរុស្ស៉ី និងក្រុមប្រទេសជាសមាជិកអង្គការ NATO។

គួរបញ្ជាក់ថា អ៊ុយក្រែនដែលព្យាយាមចូលជាសមាជិក NATO បានអះអាងថា ខ្លួនកំពុងភ័យខ្លាចថា នឹងអាចទទួលរងការឈ្លានពានពីកងទ័ពរុស្ស៉ីរាប់ម៉ឺននាក់ ដែលបានប្រមូលផ្តុំនៅក្បែរព្រំប្រទល់របស់អ៊ុយក្រែន។ យ៉ាងណាក្តី រុស្ស៉ីបានអះអាងថា ការប្រមូលផ្តុំកម្លាំងយោធានេះ គឺធ្វើឡើងក្រោមចេតនាការពារខ្លួនសុទ្ធសាធ៕