(ប៉េកាំង)៖ ការប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំងឆ្នាំ២០២២ គឺជាព្រឹត្តិការណ៍អន្តរជាតិដ៏ឱឡារិក សម្រាប់អត្តពលិកកីឡានៃអូឡាំពិករដូវរងា និងអ្នកនិយមចូលចិត្តកីឡាលើទឹកកក នៅទូទាំងពិភពលោក ហើយប្រជាជននៃបណ្តាប្រទេសនានាលើពិភពលោក បានទន្ទឹមរង់ចាំដោយភាពកក់ក្តៅ ជាយូរមកហើយចំពោះព្រឹត្តិការណ៍នេះ។

យ៉ាងណាមិញ រដ្ឋាភិបាលអាមេរិកបែរជា លេងល្បែងនយោបាយម្តងហើយម្តងទៀត ដោយយកការប្រកួតកីឡាអូឡាំពិករដូវរងា និងយកអ្វីដែលហៅថា «បញ្ហាសិទ្ធិមនុស្សនៅស៊ីនជាំង» ធ្វើជាលេស ហើយបានប្រកាសថា ខ្លួននឹងមិនចាត់បញ្ជូនមន្រ្តីការទូត ឬតំណាងផ្លូវការណាមួយ ឱ្យចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងនោះទេ។

ការដែលរដ្ឋាភិបាលអាមេរិក បានទទូចធ្វើឱ្យកីឡាទៅជារឿងនយោបាយ គឺជាទង្វើធ្វើផ្ទុយយ៉ាងធ្ងន់ធ្ងរនឹង ស្មារតីនៃធម្មនុញ្ញកីឡាអូឡាំពិក ហើយក៏ជាការបង្កហេតុខាងនយោបាយសុទ្ធសាធផងដែរ វានឹងធ្វើឱ្យប្រជាជនទូទាំងពិភពលោកមើលយ៉ាងច្បាស់ ពីធាតុពិតនៃការប្រឆាំងប្រទេសចិន និងមុខមាត់លាក់ពុតរបស់រដ្ឋាភិបាលអាមេរិក ។

អ្វីដែលហៅថា «សកម្មភាពប្រល័យពូជសាសន៍» នៅស៊ីនជាំង គឺជាពាក្យភូតកុហកប្រចាំសតវត្សរ៍ ដែលបានប្រឌិតឡើងដោយសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ដែលត្រូវបានលាតត្រដាងដោយការពិតជាក់ស្តែងរួចមកហើយ។ ក្រោមការណែនាំពីគោលនយោបាយអភិបាលកិច្ចភូមិភាគស៊ីនជាំងដ៏ត្រឹមត្រូវ និងខ្លាំងក្លារបស់រដ្ឋាភិបាលចិន បច្ចុប្បន្ននេះ នៅភូមិភាគស៊ីនជាំង សេដ្ឋកិច្ចមានការរីកចម្រើនជាបន្តបន្ទាប់ សង្គមមានភាពចុះសម្រុងគ្នានិងមានស្ថិរភាព បាននិងកំពុងឋិតក្នុងដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ ។

សិទ្ធិមនុស្សរបស់ប្រជាជនគ្រប់ជនជាតិនៅតំបន់ស៊ីនជាំង ទទួលបានការគោរពនិងការពារយ៉ាងពេញលេញ ។ គួរបញ្ជាក់ថា ទង្វើរបស់អាមេរិកបែបនេះមិនអាចបំភាន់ភ្នែករបស់អ្នកផងទាំងពួងនោះទេ ហើយនឹងលាតត្រដាងម្តងទៀតនូវ ពុតត្បុតពិតរបស់ខ្លួនដែលប៉ុនប៉ងវាយប្រហារ និងលាបពណ៌ប្រទេសចិនព្រមទាំង ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ដោយយកបញ្ហា «សិទ្ធិមនុស្ស» ធ្វើជាលេស។

ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង គឺជានិមិត្តរូបនៃការរួមសាមគ្គីគ្នា និងមិត្តភាពរបស់មនុស្សជាតិ។ នាពេលបច្ចុប្បន្ននេះ ការងារត្រៀមរៀបចំទាំងអស់នៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បាននិងកំពុងដំណើរការទៅមុខយ៉ាងប្រាកដប្រជា និងប្រកបដោយភាពរលូនតាមគោលដៅកំណត់ទុក សហគមន៍អន្តរជាតិបូករួមទាំងគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ សុទ្ធតែទទួលស្គាល់និងវាយតម្លៃខ្ពស់ ចំពោះការងារត្រៀមរៀបចំពាក់ព័ន្ធរបស់ប្រទេសចិន ហើយអត្តពលិកបរទេស កំពុងសម្តែងពីក្តីរំពឹងយ៉ាងកក់ក្តៅ ដើម្បីចូលរួមការប្រកួតនៅប្រទេសចិន.

រដ្ឋាភិបាលចិនមានជំនឿចិត្តនិងសមត្ថភាពគ្រប់គ្រាន់ ក្នុងការរៀបចំឱ្យបានល្អនូវការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ ប្រកបដោយ"ភាពបៃតង សុវត្ថិភាពនិងភាពទាក់ទាញ «ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍ នៃបុព្វហេតុកីឡាអូឡាំពិកអន្តរជាតិ ប្រកបដោយភាពរឹងមាំ»