(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានប្តេជ្ញាថា ប្រទេសបារាំងនឹងធ្វើការឆ្ពោះទៅរក សហភាពអឺរ៉ុបដ៏មានភាពរឹងមាំ និងមាន «អធិបតេយ្យភាព» នៅពេលដែលប្រទេសនេះ ចូលកាន់តំណែងជាប្រធានសហភាពអឺរ៉ុប នៅឆ្នាំ២០២២ ខាងមុខនេះស្របពេលជាមួយនឹង ការបោះឆ្នោតប្រធានាធិបតីបារាំងអាណត្តិថ្មីផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១។

លោក Emmanuel Macron បានថ្លែងនៅក្នុងកិច្ចប្រជុំដ៏កម្រមួយ ជាមួយប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុងប៉ារីស ដែលមានរយៈពេលជាង ៣ម៉ោងថា «គោលបំណងរបស់ប្រទេសបារាំង គឺឆ្ពោះទៅរកអឺរ៉ុបដែលមានឥទ្ធិពលនៅក្នុងពិភពលោក, មានអធិបតេយ្យភាពពេញលេញ, មានសេរីភាពក្នុងការជ្រើសរើស និងមានទំនួលខុសត្រូវលើជោគវាសនារបស់ខ្លួន»

លោក Emmanuel Macron ក៏បានអំពាវនាវឱ្យមានយន្តការថ្មី ដើម្បីការពារព្រំដែនរបស់សហភាពអឺរ៉ុបផងដែរ ខណៈជនអន្តោប្រវែសន៍រាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅតាមព្រំដែនរវាងប្រទេសបេឡារុស និងប៉ូឡូញក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

លោក Emmanuel Macron បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានទៀតថា «អឺរ៉ុបចាំបាច់ត្រូវធានាឱ្យបាននូវការការពារព្រំដែនរបស់ខ្លួន» ដោយបន្ថែមថា ប្រទេសបារាំងនឹងជំរុញឱ្យមានកំណែទម្រង់នៅក្នុងតំបន់ សេងហ្គិន (Schengen) ជាតំបន់ដែលការធ្វើដំណើរ មិនត្រូវការលិខិតឆ្លងដែនរវាងប្រទេសចំនួន ២៦ នៅអឺរ៉ុប៕