(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១១០,៨៩៤នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,០៨៨នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៥០,៥៣៥,៧៩១ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨១៥,២៦៩នាក់ និងជាសះស្បើយឡើងសរុប ៣៩.៨៨លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

រដ្ឋបាលចំណីអាហារ និងឱសថ (FDA) របស់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអនុញ្ញាតសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី៣ ឬដូសជំរុញជូនដល់ក្មេងជំទង់ដែលមានអាយុ ១៦ឆ្នាំ និង ១៧ឆ្នាំហើយ ដោយប្រើប្រាស់វ៉ាក់សាំង Pfizer-BioNTech ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង លើសមត្ថភាពរបស់វីរុសបំប្លែងថ្មី អូមីក្រុង (Omicron) ក្នុងការបំផ្លាញប្រសិទ្ធភាពវ៉ាក់សាំង សម្រាប់អ្នកដែលបានចាក់ ២ដូសរួចរាល់ហើយនោះ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤៧៦លានដូស ក្នុងនោះប្រជាជន ២៣៧.០៨លាននាក់ (៧២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ១៩៨.៨៦លាននាក់ (៦០.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៤៨.៨១លាននាក់ (១៤.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕