(វ៉ាស៉ីនតោន)៖ រដ្ឋបាលចំណីអាហារ និងឱសថ (FDA) របស់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអនុញ្ញាតសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសទី៣ ឬដូសជំរុញជូនដល់ក្មេងជំទង់ដែលមានអាយុ ១៦ឆ្នាំ និង ១៧ឆ្នាំហើយ ដោយប្រើប្រាស់វ៉ាក់សាំង Pfizer-BioNTech ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង លើសមត្ថភាពរបស់វីរុសបំប្លែងថ្មី អូមីក្រុង (Omicron) ក្នុងការបំផ្លាញប្រសិទ្ធភាពវ៉ាក់សាំង សម្រាប់អ្នកដែលបានចាក់ ២ដូសរួចរាល់ហើយនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១។

ការសម្រេចចិត្តរបស់ FDA បានកើតឡើងមួយថ្ងៃបន្ទាប់ពីក្រុមហ៊ុន បានចេញផ្សាយលទ្ធផលនៃការធ្វើតេស្តដែលបង្ហាញថា វ៉ាក់សាំងចំនួន ៣ដូស មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងថ្មី Omicron ខណៈវ៉ាក់សាំងចំនួន ២ដូសប្រហែលជាមិនគ្រប់គ្រាន់ ដើម្បីបញ្ឈប់ការឆ្លងនោះទេ ទោះបីជាវាអាចការពារការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរក៏ដោយ។

ប្រធានស្តីទី FDA លោកស្រី ចេណេត វូដខក់ (Janet Woodcock) បាននិយាយថា «ការទៅទទួលការចាក់វ៉ាក់សាំងទូទៅ និងវ៉ាក់សាំងដូសជំរុញ នៅពេលអ្នកមានសិទ្ធិទទួលបានវា រួមជាមួយនឹងវិធានការការពារផ្សេងទៀត ដូចជាការពាក់ម៉ាស និងការចៀសវាងពីកន្លែងដែលមានមនុស្សម្នាច្រើន ឬកន្លែងដែលមានខ្យល់ចេញចូលមិនគ្រប់គ្រាន់ នៅតែជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពបំផុតរបស់យើង សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19»

ដោយឡែក នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) របស់សហរដ្ឋអាមេរិក លោកស្រី រ៉ូជែល វ៉ាលែនស្គី (Rochelle Walensky) បានបន្ថែមថា «ទិន្នន័យដំបូងបានបង្ហាញថា ការចាក់វ៉ាក់សាំងដូសជំរុញ អាចជួយពង្រីក និងពង្រឹងប្រព័ន្ធភាពស៊ាំប្រឆាំងនឹងវីរុសបំប្លែងថ្មី Omicron និងវីរុសបំប្លែងថ្មីប្រភេទផ្សេងៗទៀត។ ខ្ញុំលើកទឹកចិត្តយ៉ាងខ្លាំងដល់ក្មេងជំទង់ ដែលមានអាយុ ១៦ឆ្នាំ និង ១៧ឆ្នាំ ឱ្យទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញ ក្រោយពួកគេបានទទួលការចាក់វ៉ាក់សាំង Pfizer ដូសដំបូងរបស់ពួកគេយ៉ាងហោចណាស់ ០៦ខែរួចរាល់ហើយ»