Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីបំផុតប្រទេសនីការ៉ាហ្គា ផ្តាច់ចំណងការទូតជាមួយកោះតៃវ៉ាន់ ហើយងាកទៅចាប់ដៃចិនវិញ (Video inside)

10-12-2021 09:07

(ម៉ាណាហ្គា)៖ ប្រទេសនីការ៉ាហ្គា (Nicaragua) បានសម្រេចចិត្តកម្ទេចចោលនូវ ចំណងមិត្តភាពរយៈពេលរាប់ទសវត្សរ៍ជាមួយកោះតៃវ៉ាន់ ហើយងាកទៅកសាងទំនាក់ទំនងការទូតផ្លូវការ ជាមួយនឹងទីក្រុងប៉េកាំងវិញ ដោយប្រការនេះបានធ្វើឲ្យទីក្រុងតៃប៉ិ បាត់បង់ការទទួលស្គាល់ថែមមួយប្រទេសទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១។

ក្រសួងការបរទេសនីការ៉ាហ្គា បានប្រកាសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ យ៉ាងដូច្នេះថា «នៅថ្ងៃនេះ រដ្ឋាភិបាលនៃសាធារណរដ្ឋនីការ៉ាហ្គា សូមផ្តាច់ចំណងការទូតជាមួយតៃវ៉ាន់ ហើយក៏លែងមានទំនាក់ទំនងធម្មតា ឬទំនាក់ទំនងផ្លូវការអ្វីបន្ថែមទៀតដែរ។ នីការ៉ាហ្គាទទួលស្គាល់ថា នៅលើពិភពលោកនេះមានចិនតែមួយប៉ុណ្ណោះ។ សាធារណរដ្ឋប្រជាមានិតចិន (PRC) គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលតំណាងឲ្យចិនទាំងអស់ ហើយតៃវ៉ាន់ គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ ចេញពីទឹកដីចិនបានឡើយ»

កោះតៃវ៉ាន់ក៏បានចេញមុខភ្លាមៗ ដើម្បីឆ្លើយតបទៅវិញផងដែរ ក្នុងនោះតៃវ៉ាន់បានហៅទង្វើរបស់ ប្រទេសអាមេរិកកណ្តាលខាងលើនេះថា ជារឿងគួរឲ្យ «ឈឺចាប់ និងសោកស្តាយ»។ តៃវ៉ាន់បានចោទប្រកាន់ទៀតថា ការសម្រេចចិត្តរបស់ប្រធានាធិបតីនីការ៉ាហ្គា លោក ដាញែល អ័រតេហ្គា (Daniel Ortega) ពិតជាមិនគិតគូរដល់ចំណងមិត្តភាពរវាងប្រជាជនតៃវ៉ាន់ និងនីការ៉ាហ្គានោះឡើយ។

គួរបញ្ជាក់ថា ការលែងទទួលស្គាល់កោះតៃវ៉ាន់នេះ បានធ្វើឲ្យបញ្ចីឈ្មោះប្រទេស ដែលមានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ នៅសល់ត្រឹមតែ ១៤ប្រទេសប៉ុណ្ណោះ។ ការសម្រេចចិត្តរបស់នីការ៉ាហ្គាបែបនេះ បានកើតមានឡើងបន្ទាប់ពីទំនាក់ទំនង រវាងប្រទេសអាមេរិកកណ្តាលមួយនេះ និងសហរដ្ឋអាមេរិក បានប្រែជាតានតឹងខ្លាំងអស់ជាច្រើនខែមកហើយ៕