Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បារាំងប្រកាសមិនចូលរួមជាមួយអាមេរិកឡើយ ក្នុងការធ្វើពហិការផ្នែកការទូតចំពោះ ព្រឹត្តិការណ៍អូឡាំពិករដូវរងាទីក្រុងប៉េកាំង

09-12-2021 17:31

(ប៉ារីស)៖ រដ្ឋមន្រ្តីអប់រំនិងកីឡានៃប្រទេសបារាំង លោក ហ្សង់ មីឆេល ប្លង់គែ (Jean-Michel Blanquer) នៅថ្ងៃព្រហស្បតិ៍នេះ បានថ្លែងថា បារាំងនឹងមិនចូលរួមការធ្វើពហិការផ្នែកការទូត ដូចប្រទេសលោកខាងលិចមួយចំនួនទៀតឡើយ ចំពោះព្រឹត្តិការណ៍អូឡាំពិករដូវរងា ដែលនឹងត្រូវប្រារព្ធឡើង នៅទីក្រុងប៉េកាំងនៃប្រទេសចិន នាឆ្នាំក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១។

នៅពេលដែលត្រូវបានចោទសួរ អំពីការធ្វើពហិការផ្នែកការទូត ដែលត្រូវបានប្រកាសកន្លងមកនេះ ដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្រ្តាលី និងកាណាដា លោក Blanquer បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសបារាំងថា បារាំងនឹងមិនចូលរួមធ្វើយ៉ាងដូច្នោះឡើយ។ លោករដ្ឋមន្រ្តីអប់រំនិងកីឡាបារាំង បានគូសបញ្ជាក់ថា «យើងត្រូវប្រុងប្រយ័ត្នអំពីទំនាក់ទំនងរវាងកីឡា និងនយោបាយ។ កីឡាគឺជាផ្នែកមួយ ដែលត្រូវការពារ កុំឲ្យឡូកឡំជាមួយនយោបាយ»

គួរបញ្ជាក់ថា ក្នុងថ្ងៃព្រហស្បតិ៍នេះ ចិនបានចេញមុខព្រមានក្រុមប្រទេសលោកខាងលិចថា នឹងត្រូវប្រឈមមុខជាមួយផលវិបាកតបស្នងទៅវិញ សម្រាប់ការធ្វើពហិការផ្នែកការទូតរបស់ពួកគេ។ ក្នុងសប្តាហ៍នេះ ទីក្រុងវ៉ាស៉ីនតោន បានប្រកាសថា ខ្លួននឹងមិនបញ្ជូនក្រុមមន្រ្តីឲ្យទៅចូលរួម ព្រឹត្តិការណ៍អូឡាំពិករដូវរងានៅទីក្រុងប៉េកាំងឡើយ ក្រោមហេតុផល មានការរំលោភសិទ្ធិមនុស្សនៅប្រទេសចិន។ ប្រទេសជាសម្ពន្ធមិត្តរបស់អាមេរិក ដូចជាអូស្រ្តាលី អង់គ្លេស និងកាណាដា ក៏បានដើរតាមទីក្រុងវ៉ាស៉ីនតោន ដោយប្រកាសការធ្វើពហិការផ្នែកការទូតដូចគ្នា៕