(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) នៅថ្ងៃពុធសប្ដាហ៍នេះ បានដាក់ចេញនូវវិធានការរឹតត្បឹតកាន់តែ តឹងរ៉ឹងប្រឆាំងនឹងជំងឺ COVID-19 នៅក្នុងប្រទេសអង់គ្លេស ដោយបញ្ជាឱ្យមនុស្សធ្វើការពីផ្ទះ ពាក់ម៉ាសនៅកន្លែងសាធារណៈ និងប្រើប្រាស់បណ្ណ ចាក់វ៉ាក់សាំង ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលនៃវីរុសបំប្លែងថ្មី Omicron។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១។

លោក Boris Johnson បាននិយាយថា វិធានការថ្មី គឺចាំបាច់បន្ទាប់ពីករណីឆ្លងវីរុសបំប្លែងថ្មី Omicron ចំនួន ៥៦៨ករណី ត្រូវបានរកឃើញនៅក្នុង ប្រទេស។ លោក Boris Johnson បានបន្ថែមថា វីរុសបំប្លែងថ្មី Omicron កំពុងឆ្លងរីករាលដាលយ៉ាងឆាប់រហ័ស ហើយគាត់មិនមានជម្រើសក្រៅពី ផ្លាស់ប្តូរទៅ «ផែនការB (ផែនការបម្រុង)» នោះទេ ខណៈកម្មវិធីចាក់វ៉ាក់សាំងដូសជំរុញកំពុងចាប់ផ្តើម។

លោក Boris Johnson ដែលបានដកចេញនូវវិធានការរឹតត្បិតប្រឆាំងជំងឺ COVID-19 ភាគច្រើននៅក្នុងប្រទេសអង់គ្លេស កាលពីខែកក្កដាកន្លងទៅនេះ បន្ទាប់ពីការចាក់វ៉ាក់សាំងបានកើនឡើងយ៉ាងឆាប់រហ័ស ក៏បានប្តេជ្ញាដែរថានឹងមិនងាកទៅរកការបិទខ្ទប់ ដើម្បីប្រឆាំងនឹងជំងឺ COVID-19 លើកទី៤នោះទេ ប៉ុន្តែបានរក្សាទុកនូវអ្វីដែលគេហៅថា «ផែនការ B» ដើម្បីបម្រុងទុក។

ផ្នែកមួយនៃផែនការទាំងនោះមានដូចជា ការពាក់ម៉ាសឡើងវិញនៅក្នុងសេវាដឹកជញ្ជូនសាធារណៈ និងនៅក្នុងហាងនានា ត្រូវបានយកមកអនុវត្តរួចហើយ ប៉ុន្តែនៅថ្ងៃពុធសប្ដាហ៍នេះ លោក Boris Johnson បានណែនាំថាមនុស្សគួរតែធ្វើការពីផ្ទះផងដែរ។

គួរបញ្ជាក់ថា ការពាក់ម៉ាស នឹងត្រូវបានទាមទារឱ្យអនុវត្តនៅកន្លែងសាធារណៈ ដូចជារោងកុនជាដើម ហើយបណ្ណចាក់វ៉ាក់សាំងនឹងចាំបាច់សម្រាប់ ការចូលទៅកាន់ក្លឹបរាត្រី និងកន្លែងដែលមានហ្វូងមនុស្សច្រើន៕