(ប៉េកាំង)៖ ស្ថានទូតចិនប្រចាំនៅប្រទេសអូស្រ្តាលី នាថ្ងៃពុធនេះបាននិយាយថា ការធ្វើពហិការផ្នែកការទូតរបស់អូស្រ្តាលី ចំពោះព្រឹត្តិការណ៍អូឡាំពិករដូវរងាទីក្រុងប៉េកាំង គឺផ្ទុយពីស្រឡះពីការរំពឹកទុកដែលអូស្រ្តាលីបានប្រកាសជាសាធារណៈ នាពេលកន្លងថា ខ្លួននឹងព្យាយាមលើកកម្ពស់ទំនាក់ទំនង រវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១។

ស្ថានទូតចិនបានទទូចឲ្យអូស្រ្តាលី ចាត់វិធានការជាក់ស្តែងដើម្បីបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ឆ្ពោះទៅរកការលើកស្ទួយចំណងទ្វេភាគី។ ស្ថានទូតចិនបានចេញមុខលើកឡើងបែបនេះ នៅប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលអូស្រ្តាលី បានប្រកាសពីការសម្រេចចិត្ត មិនបញ្ជូនក្រុមមន្រ្តីឲ្យចូលរួម ព្រឹត្តិការណ៍អូឡាំពិករដូវរងាទីក្រុងប៉េកាំង ដែលនឹងរៀបចំឡើងនៅខែកុម្ភៈ ឆ្នាំ២០២២។

គួរបញ្ជាក់ថា ការធ្វើពហិការការទូតខាងលើនេះដោយអូស្រ្តាលី ចំពោះព្រឹត្តិការណ៍អូឡាំពិករដូវរងាទីក្រុងប៉េកាំង កើតមានឡើង ក្រោយពីសហរដ្ឋអាមេរិក បានប្រកាសថា ខ្លួនមិនបញ្ជូនក្រុមមន្រ្តីឲ្យចូលរួម ព្រឹត្តិការណ៍ប្រកួតកីឡាលក្ខណៈអន្តរជាតិនេះឡើយ។ យ៉ាងណាក្តី ខាងស្ថានទូតចិនប្រចាំអូស្រ្តាលី បានជូនពរឲ្យអត្តពលិកអូស្រ្តាលីទាំងអស់ ទទួលជោគជ័យក្នុងការប្រកួត៕