(សិង្ហបុរី)៖ ភ្លាមៗក្រោយអាហ្រ្វិកខាងត្បូង ប្រកាសពីការរកឃើញវីរុស COVID-19 បំប្លែងថ្មី Omicron បណ្ដាប្រទេសជាច្រើនបានដាក់ចេញជា បន្ទាន់នូវបម្រាមធ្វើដំណើរ រួមទាំងវិធានការសុខាភិបាលរឹតត្បិតដទៃទៀត ក្នុងនោះរួមមានទាំងកាតព្វកិច្ចចាក់វ៉ាក់សាំង និងពាក់ម៉ាសជាដើម។

ប៉ុន្តែ ស្របពេលដែលគ្មានទិន្នន័យជាក់លាក់បង្ហាញថាតើ Omicron មានភាពកាចសាហាវ ឬបង្កគ្រោះថ្នាក់ដល់កម្រិតណា? វាក៏បង្កឱ្យមានការ ចោទសួរផងដែរថាតើការចាត់វិធានការឆ្លើយតបបែបនេះគឺជាជម្រើសដ៏ល្អ ដែរឬទេ? ពិតណាស់ វិធានការទាំងនេះវាបង្កផលប៉ះពាល់ជាក់ស្ដែង ដោយអ្នករិះគន់ខ្លះចាត់ទុកថាវាជាការប្រតិកម្មជ្រុសហួសហេតុ ហើយសូម្បីតែអង្គការសុខភាពពិភពលោក WHO បានជំរុញឱ្យបណ្ដាប្រទេស ទាំងអស់កុំប្រញាប់ដាក់ចេញបម្រាមធ្វើដំណើរ ជំនួសមកវិញដោយការធ្វើសកម្មភាពប្រកបដោយហេតុផល ឈរលើគោលការណ៍វិទ្យាសាស្ត្រ។

ការសិក្សាស្រាវជ្រាវ និងស៊ើបអង្កេតនៅតែបន្តធ្វើឡើងនៅឡើយ ដើម្បីប្រមូលទិន្នន័យបន្ថែម តែវាក៏ត្រូវការចំណាយពេលមួយរយៈផងដែរ។ ដូច្នេះហើយ ពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាដ៏ស្មុគស្មាញមួយ ពោលគឺប្រសិនបើជ្រើសរើសរង់ចាំរហូតដល់មានទិន្នន័យផ្លូវការ ទើបធ្វើ ការសម្រេចចិត្ត នោះគឺវាអាចនឹងយឺតពេល ក្នុងការដាក់ចេញគោលនយោបាយឱ្យមានប្រសិទ្ធភាព។

ប៉ុន្តែ ប្រសិនជាជ្រើសរើសយកការដាក់ចេញវិធានការរឹតត្បិតឡើងវិញ ដូចសព្វថ្ងៃ នោះគោលនយោបាយដែលដាក់ចេញអាចនឹងមានឱកាស ច្រើនក្នុងការកាត់បន្ថយហានិភ័យ ឬអាចនិយាយនៅត្រង់នេះ «ការពារប្រសើរជាងព្យាបាល»

*បញ្ហានៅត្រង់ «ក្រមសីលធម៌» មិនមែនជាបញ្ហាវិទ្យាសាស្ត្រទេ

សំណួរដែលសួរថាតើយើងត្រូវធ្វើដូចម្ដេច ដើម្បីដោះស្រាយបញ្ហាមិនច្បាស់លាស់ វាមិនមែនជាបញ្ហាខាងវិទ្យាសាស្ត្រឡើយ តែវាគឺជាបញ្ហា ក្រមសីលធម៌។ ការដាក់ចេញវិធានការសុខាភិបាលភា្លមៗ ច្បាស់ណាស់នឹងបង្កផលប៉ះពាល់ និងការថ្លឹងថ្លែងដល់សេរីភាពបុគ្គល និងសុខមាលភាព ខណៈបម្រាមធ្វើដំណើរនឹងធ្វើឱ្យខាតបង់ដល់សេដ្ឋកិច្ច ក៏ដូចជាអាចបំផ្លាញសាមគ្គីភាពអន្តរជាតិ។

ជាលក្ខណៈវិទ្យាសាស្ត្រ ការចាត់វិធានការទាន់ពេលវេលា វាអាចនឹងធ្វើឱ្យយើងមានសុវត្ថិភាព តែវាអាចប៉ះពាល់ដល់តម្លៃសីលធម៌។ ប៉ុន្តែ ប្រសិនជាពន្យារពេលចាត់វិធានការ នោះវាអាចនឹងបង្កការខាតបង់ដ៏ធំមហិមាក៏ថាបាន នៅក្នុងករណីដែលវីរុសបំប្លែងថ្មី Omicron ហូរចូលក្នុង ប្រទេសដោយមិនមានការត្រួតពិនិត្យ វានឹងធ្វើឱ្យករណីឆ្លងកើនឡើង។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ មិនទាន់មានភស្ដុតាងបង្ហាញថា Omicron មានភាពកាចសាហាវប៉ុណ្ណា ឬក៏មានអ្នកស្លាប់ដោយសារវីរុស បំប្លែងថ្មីនេះនៅឡើយទេ តែក្រុមអ្នកជំនាញជាច្រើន ជឿថាវីរុសបំប្លែងថ្មីនេះអាចចម្លងជំងឺលឿនរហ័សជាងវីរុសបំប្លែងថ្មី Delta ទៅទៀត៕

ប្រភព៖ CNA (ថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១)