(វ៉ាស៊ីនតោន)៖ មន្ត្រីអាមេរិកបាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងប្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងសន្និសីទតាមវីដេអូមួយ នៅថ្ងៃអង្គារ ទី០៧ ធ្នូនេះថា រុស្ស៊ី និងធនាគាររបស់ខ្លួន អាចនឹងត្រូវទទួលរងនូវទណ្ឌកម្មសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១។

ប្រភពដដែលនេះបានគូសបញ្ជាក់ថា ទណ្ឌកម្មដែលអាចសំដៅធនាគារធំៗជាងគេរបស់រុស្ស៊ី និងសមត្ថភាពរបស់ទីក្រុងមូស្គូក្នុងការប្តូររូបិយបណ្ណទៅជាដុល្លារអាមេរិក និងរូបិយប័ណ្ណផ្សេងទៀត គឺមានបំណងរារាំងលោក ពូទីន ពីការប្រើប្រាស់កងទ័ពរាប់ម៉ឺននាក់ ដែលប្រមូលផ្តុំនៅជិតព្រំដែនអ៊ុយក្រែន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា «យើងកំពុងស្វែងរកទំនាក់ទំនងល្អ និងអាចព្យាករណ៍បានជាមួយសហរដ្ឋអាមេរិក។ រុស្ស៊ីមិនដែលមានបំណងវាយប្រហារនរណាម្នាក់ឡើយ ប៉ុន្តែយើងមានការព្រួយបារម្ភរបស់យើង ហើយយើងមានបន្ទាត់ក្រហមរបស់យើង»

គួរបញ្ជាក់ថា នៅមុនកិច្ចចរចាផ្ទាល់លើកដំបូងជាមួយលោក ពូទីន ចាប់តាំងពីខែកក្កដាមក លោក បៃដិន កាលពីថ្ងៃចន្ទបានពិភាក្សាអំពីផែនការដាក់ទណ្ឌកម្មជាមួយសម្ព័ន្ធមិត្តអឺរ៉ុប ដោយស្វែងរកជំហររួមគ្នាដ៏រឹងមាំមួយ ក្នុងការគាំទ្របូរណភាពទឹកដី និងអធិបតេយ្យភាពរបស់អ៊ុយក្រែន៕