(កាប៊ុល)៖ អង្គការមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) នៅថ្ងៃអង្គារនេះ បានចេញសេចក្ដីអំពាវនាវរកជំនួយនូវទឹកប្រាក់ចំនួន ២ពាន់លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១។

អង្គការ UNICEF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ខ្លួនបានចាប់ផ្តើមការអំពាវនាវនៅថ្ងៃនេះដើម្បីឆ្លើយតបជាបន្ទាន់ ចំពោះតម្រូវការ មនុស្សធម៌របស់ប្រជាជនជាង ២៤លាននាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលពាក់កណ្តាលនៃពួកគេ គឺជាកុមារ»។ ការអំពាវនាវនេះ គឺមានគោលដៅរកជំនួយជាទឹកប្រាក់ចំនួន ២ពាន់លានដុល្លារអាមេរិក ដែលនឹងជួយទប់ស្កាត់ការដួលរលំនៅក្នុងសេវាសុខភាព អាហារូបត្ថម្ភ ទឹកស្អាត និងអនាម័យ សេវាអប់រំ និងសេវាសង្គមសំខាន់ៗផ្សេងទៀតសម្រាប់កុមារ និងគ្រួសារអាហ្វហ្កានីស្ថាន។

ចាប់តាំងពីពួកតាលីបង់ បានឡើងកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានកាលពីពាក់កណ្តាលខែសីហាកន្លងទៅនេះ ប្រទេសនេះបានប្រឈមមុខនឹង ការដួលរលំសេដ្ឋកិច្ចយ៉ាងធំ។

សេចក្តីថ្លែងការណ៍ខាងលើដដែល បន្ថែមទៀតថា «ស្ថានភាពមនុស្សធម៌នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅតែបន្តយ៉ាប់យ៉ឺនដែលបង្កឱ្យមានការ រំខានគួរឱ្យព្រួយបារម្ភនៅក្នុងសេវាសុខភាព និងអាហារូបត្ថម្ភ ដែលកំពុងប្រឈមនឹងវិបត្តិស្បៀងអាហារ គ្រោះរាំងស្ងួត ការផ្ទុះឡើងនៃជំងឺកញ្ជ្រឹល ជំងឺរាគរូស ជំងឺគ្រុនស្វិតដៃជើង និងជំងឺដែលអាចការពារបាន ក៏ដូចជាពិការភាពផងដែរ ព្រមទាំងការចាប់ផ្តើមនៃរដូវរងាជាដើម។

អង្គការ UNICEF បានប៉ាន់ប្រមាណថា កុមារអាហ្វហ្គានីស្ថានម្នាក់ក្នុងចំណោមពីរនាក់ដែលមានអាយុក្រោម ០៥ឆ្នាំនឹងត្រូវខ្វះអាហារូបត្ថម្ភ យ៉ាងធ្ងន់ធ្ងរនៅឆ្នាំ២០២២ខាងមុខនេះ ដោយសារវិបត្តិស្បៀងអាហារ និងការខ្វះទឹកស្អាតប្រើប្រាស់ និងអនាម័យមិនល្អ៕