(ឡុងដ៍)៖ ការសិក្សាដ៏ធំមួយនៅក្នុងចក្រភពអង់គ្លេស លើការចាក់វ៉ាក់សាំងបង្ការ COVID-19 «ឆ្លាស់គ្នា» បានរកឃើញប្រព័ន្ធភាពសុំាយ៉ាងល្អ ប្រសើរនៅលើមនុស្សដែលបានទទួលការចាក់វ៉ាក់សាំងបង្ការដូសទី១ ដោយប្រើវ៉ាក់សាំង AstraZeneca ឬ Pfizer-BioNTech ហើយ ចាក់វ៉ាក់សាំង Moderna នៅ ៩សប្ដាហ៍បន្ទាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១។

ការសិក្សាខាងលើដែលធ្វើឡើងក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Oxford ត្រូវបានធ្វើឡើងនៅលើអ្នកស័្មគ្រចិត្ត ១,០៧០នាក់ ជាមួយ ការរកឃើញថាអ្នកដែលចាក់វ៉ាក់សាំងបង្ការ Pfizer-BioNTech ឬ AstraZeneca ដូសទី១ ក្រោយមកចាក់វ៉ាក់សាំង Moderna គឺមានប្រសិទ្ធភាព និងអាចបង្កើតប្រព័ន្ធភាពសុំាបានល្អជាងអ្នកដែលចាក់វ៉ាក់សាំង Pfizer-BioNTech ឬ AstraZeneca នៅដូសទី២។ បន្ថែមពីលើនេះ ក្រុមអ្នកស្រាវជ្រាវមិនបានរកឃើញផលប៉ះពាល់អ្វីធ្ងន់ធ្ងរ ឬការបារម្ភពីសុវត្ថិភាព ក្នុងការចាក់វ៉ាក់សាំងឆ្លាស់គ្នានេះទេ។

គួរបញ្ជាក់ថា ការសិក្សាខាងលើរបស់ចក្រភពអង់គ្លេស ហាក់ដូចជាការគាំទ្រដល់វិធីសាស្ត្រចាក់វ៉ាក់សាំងឆ្លាស់គ្នានៅតាមបណ្ដាប្រទេស មួយចំនួនដែលបានអនុវត្តនាពេលកន្លងមក៕