(ប៉ារីស)៖ នាយករដ្ឋមន្ត្រីបារាំង លោក ហ្សង់ កាស្តិច (Jean Castex) នៅថ្ងៃចន្ទដើមសប្ដាហ៍នេះបាននិយាយថា ប្រទេសរបស់លោកនឹងដាក់ ចេញនូវវិធានការរក្សាគម្លាតសុវត្ថិភាព ក៏ដូចជាបិទក្លឹបរាត្រី នៅមុនថ្ងៃបុណ្យណូអែល ដើម្បីឆ្លើយតបទៅនឹងវីរុសបំប្លែងថ្មី Omicron ដែលត្រូវ បានរកឃើញនៅក្នុងប្រទេសចំនួន ២៥ករណី តែមិនចាំបាច់ដាក់ចេញនូវវិធានការបិទខ្ទប់ ឬបម្រាមគោចរសារជាថ្មីឡើយ។ នេះបើយោងតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១។

បើតាមលោក Jean Castex រលកទី៥ នៃជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ នាពេលឥឡូវនេះ កំពុងកើនឡើងនៅទូទាំងប្រទេសបារាំង។ ប៉ុន្តែ ប្រជាជនជាង ៥២លាននាក់ នាពេលឥឡូវនេះ បានទទួលការចាក់វ៉ាក់សាំងរួចរាល់ហើយ ដែលជិត៩០ភាគរយនៃអ្នកដែលមានសិទ្ធិ ទទួលការចាក់វ៉ាក់សាំង ហើយស្ថានភាព ក៏ប្រសើរជាងការផ្ទុះឡើងពីមុនផងដែរ ដែលមិនចាំបាច់ដាក់ចេញនូវវិធានការរឹតត្បឹត ដ៏តឹងរ៉ឹងខ្លាំងនោះទេ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង លោក អូលីវីយេ វ៉ែរ៉ង់ (Olivier Veran) ក៏បានលើកឡើងដែរថាការចាក់វ៉ាក់សាំងដូសជំរុញ និងការរក្សា គម្លាតសុវត្ថិភាពយ៉ាងតឹងរ៉ឹងជាងមុន នឹងអនុញ្ញាតឱ្យប្រទេសបារាំងចៀសវាងពីការបិទខ្ទប់សារជាថ្មី ដែលកំពុងត្រូវបានដាក់ឱ្យអនុវត្តក្នុង បណ្ដាប្រទេសអឺរ៉ុបមួយចំនួន។

លោក Olivier Veran បានបន្ថែមថា «យើងចង់ឆ្លងកាត់រលកនៃជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ ដោយគ្មានការដាក់កំហិតលើប្រជាជន បារាំងទាំងមូល មិនថាពួកគេបានទទួលការចាក់វ៉ាក់សាំងរួចរាល់ហើយ ឬអត់នោះទេ»

គួរបញ្ជាក់ថា ចាប់ពីថ្ងៃសុក្រសប្ដាហ៍នេះតទៅ ក្លឹបរាត្រី នឹងត្រូវបិទរយៈពេល ៤សប្តាហ៍ ហើយរដ្ឋាភិបាលបារាំង ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋឱ្យកំណត់ការជួបជុំជាលក្ខណៈឯកជន និងជាវិជ្ជាជីវៈដោយស្ម័គ្រចិត្តផងដែរ ខណៈដែលវិធានការរឹតត្បឹត ក៏តម្រូវឱ្យពាក់ម៉ាសនៅក្នុងសាលារៀនផងដែរនោះ៕