Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្នុងសប្តាហ៍នេះ, រដ្ឋបាលលោក ចូ បៃដិន អាចនឹងប្រកាសពីការធ្វើ «ពហិការផ្នែកការទូត» ចំពោះកម្មវិធីបើកព្រឹត្តិការណ៍ប្រកួត កីឡាអូឡាំពិករដូវរងានៅចិន

06-12-2021 11:48

(វ៉ាស៉ីនតោន)៖ សារព័ត៌មានអាមេរិក CNN នៅថ្ងៃអាទិត្យ ទី០៥ ខែធ្នូ (ពេលវេលានៅវ៉ាស៉ីនតោន) បានរាយការណ៍ថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) អាចនឹងប្រកាសនៅក្នុងសប្តាហ៍នេះថា មន្ត្រីរដ្ឋាភិបាលអាមេរិកនឹងមិនទៅចូលរួម ក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួត កីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុងប៉េកាំង ប្រទេសចិននោះទេ។ នេះបើតាមការដកស្រង់ព័ត៌មាន នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ធ្លាប់បានបង្ហើប តាំងតែពីខែវិច្ឆិកាកន្លងទៅនេះថា លោកកំពុងពិចារណាក្នុងការធ្វើពហិការផ្នែកការទូត ចំពោះព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង ប្រទេសចិន ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២២ ខាងមុខនេះ ដើម្បីប្រឆាំងនឹងកំណត់ត្រាសិទ្ធិមនុស្ស ពាក់ព័ន្ធនឹងប្រទេសចិន។ រដ្ឋបាលលោក ចូ បៃដិន ត្រូវបានគេមើលឃើញថា កំពុងរងសម្ពាធពីសកម្មជនសិទ្ធិមនុស្ស និងសមាជិកសភាអាមេរិក មិនឱ្យលោកបញ្ជូនមន្ត្រីទៅចូលរួមព្រឹត្តិការណ៍ខាងលើនេះ។

ជុំវិញបញ្ហានេះ សេតវិមានបានបដិសេធមិនធ្វើអត្ថាធិប្បាយណាមួយ ទៅលើរបាយការណ៍របស់ CNN នៅឡើយទេ។ ប៉ុន្តែប្រភពចំនួន ៤ ដែលបានដឹងអំពីគម្រោងរបស់រដ្ឋបាលលោក ចូ បៃដិន បានគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា មានមតិភាគច្រើននៅក្នុងសេតវិមាន បានណែនាំឲ្យមន្ត្រីអាមេរិកនៅឲ្យឆ្ងាយពី ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកនៅទីក្រុងប៉េកាំង។

សារព័ត៌មាន CNN បានសង្កត់ធ្ងន់ថា ការធ្វើពហិការរបស់សហរដ្ឋអាមេរិក គឺទៅលើផ្នែកការទូតប៉ុណ្ណោះ និងមិនមែនជាការរារាំងអត្តពលិករបស់ខ្លួន ពីការចូលរួមប្រកួតនៅចិននោះទេ៕