(វ៉ាស៊ីនតោន)៖ រដ្ឋចំនួន ៦ បន្ថែមទៀតហើយនៅសហរដ្ឋអាមេរិក បានប្រកាសអំពីការរកឃើញ ករណីវិជ្ជមាននៃវីរុសបំប្លែងថ្មី អូមីក្រុង (Omicron) ខណៈករណីឆ្លង និងស្លាប់ដោយសារ COVID-19 បច្ចុប្បន្ននៅទូទាំងសហរដ្ឋអាមេរិក គឺភាគច្រើនបំផុតដោយសារវីរុសបំប្លែងខ្លួន Delta។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាល្ងាចថ្ងៃសៅរ៍ ទី០៤ ខែធ្នូ ឆ្នាំ២០២១។

រដ្ឋចំនួន ៦ ទៀតដែលសុទ្ធតែបានរាយការណ៍ អំពីការរកឃើញអ្នកផ្ទុកមេរោគបំប្លែងថ្មី Omicron ដំបូងៗនោះរួមមាន ញូចឺស៊ី (New Jersey), ម៉ារីលែនដ៍ (Maryland), មីសសួរី (Missouri), ភែនស៊ីលវេនៀ (Pennsylvania) និង យូតាហ៍ (Utah)។ ដូច្នេះគិតត្រឹមពេលនេះ រដ្ឋសរុបចំនួន ១១ ហើយ ក្នុងចំណោមរដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិក ដែលបានរកឃើញវត្តមានវីរុសបំប្លែងថ្មី Omicron។ សម្រាប់រដ្ឋដំបូងៗគេចំនួន ៥ ដែលបានរកឃើញវត្តមាន អូមីក្រុង នោះមានដូចជា កាលីហ្វ័រញ៉ា (California), ខូឡូរ៉ាដូ (Colorado), ហាវ៉ៃ (Hawaii), មីនណេសូតា (Minnesota) និងញូយ៉ក (New York)។

គួរបញ្ជាក់ថា ទាំងសហរដ្ឋអាមេរិក និងពិភពលោកទាំងមូល សុទ្ធតែមិនទាន់ជួបប្រទះ ករណីស្លាប់ដែលបង្កឡើងដោយ Omicron នៅឡើយទេ ខណៈបច្ចុប្បន្ននេះ ប្រទេសសរុបជាង ៤០ ហើយនៅលើពិភពលោក បានប្រកាសរកឃើញវត្តមាន នៃវីរុសបំប្លែងថ្មីនេះ។ កាលពីថ្ងៃសុក្រសប្តាហ៍នេះ អង្គការសុខភាពពិភពលោក (WHO) ក៏បានណែនាំផងដែរ កុំឲ្យមានការតក់ស្លុតជ្រុលពេកចំពោះ Omicron ខណៈក្រុមជំនាញអន្តរជាតិ នៅត្រូវការពេលវេលាបន្ថែមទៀត ដើម្បីស្វែងយល់ឲ្យបានច្បាស់ អំពីឥទ្ធិពលរបស់វីរុសនេះ៕