(ញូយ៉ក)៖ ប្រធានក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក Moderna បាននិយាយថាក្រុមហ៊ុនរបស់លោកអាចនឹងផលិតបានវ៉ាក់សាំងបង្ការ COVID-19 ដូសជំរុញ ដែលមានគោលដៅប្រយុទ្ធប្រឆាំងនឹងវីរុសបំប្លែងថ្មី Omicron ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីស្នើសុំការអនុញ្ញាតសម្រាប់ការប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក យ៉ាងយូរ នៅខែមីនា ឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១។

ប្រធានក្រុមហ៊ុន Moderna លោក Stephen Hoge ធ្វើការអះអាងបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters។ បើតាមលោក Stephen Hoge, វ៉ាក់សាំងដូសជំរុញរបស់ក្រុមហ៊ុន Moderna មានផ្ទុកហ្សែនជាក់លាក់ មានគោលដៅប្រឆាំងនឹងការបំប្លែងខ្លួននៃវីរុសបំប្លែងថ្មី Omicron ហើយដែលអាចនឹងដោះស្រាយ បាននូវក្ដីកង្វល់ពីការថយចុះប្រសិទ្ធភាពវ៉ាក់សាំងបង្កឡើងដោយវីរុសបំប្លែងថ្មីនេះ។ លោក Stephen បានបញ្ជាក់ទៀតថាក្រុមហ៊ុនរបស់លោកក៏កំពុងសិក្សាផងដែរលើ បេក្ខភាពវ៉ាក់សាំងជាច្រើនផ្សេងទៀត ប្រឆាំងនឹងវីរុសបំប្លែងថ្មីបួនប្រភេទផ្សេងៗគ្នា ក្នុងនោះរួមមានទាំង Omicron ជាដើម តែវាអាចនឹងត្រូវចំណាយពេលជាច្រើនខែ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក នៅក្នុងសប្ដាហ៍នេះបានរាយការណ៍ពីការរកឃើញករណីឆ្លងដំបូងនៃវីរុសបំប្លែង Omicron នៅលើអ្នកដំណើរម្នាក់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែល ទើបតែធ្វើដំណើរមកពីតំបន់អាហ្វ្រិកកាលពីពេលថ្មីៗនេះ។ Omicron ត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកថាជាវីរុសបំប្លែងថ្មីគួរឱ្យបារម្ភ ប៉ុន្តែមិនទាន់ មានភស្តុងតាងបង្ហាញពីភាពកាចសាហាវរបស់វាឡើយ ខណៈអ្នកជំនាញភាគច្រើនជឿថាវីរុសបំប្លែងថ្មីនេះមានសមត្ថភាពចម្លងជំងឺខ្លាំងជាងវីរុសបំប្លែងថ្មី Delta៕