Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ម៉ាឡេស៊ី ហាមជនបរទេសមកពីប្រទេសចំនួន៨ ចូលក្នុងប្រទេសរបស់ខ្លួន ដោយសារបារម្ភពីវីរុសបំប្លែងថ្មី Omicron

01-12-2021 17:40

(គូឡាឡាំពួរ)៖ ប្រទេសម៉ាឡេស៊ី បានសម្រេចចិត្តហាមឃាត់អ្នកដំណើរមកពីប្រទេសចំនួន៨ ចូលមកក្នុងប្រទេសរបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតវីរុស COVID-19 បំប្លែងថ្មី Omicron។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០២១។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃពុធនេះ រដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី លោក ខរី ចាម៉ាលូតឌីន (Khairy Jamaluddin) បានឱ្យដឹងទៀតថាប្រទេសទាំង៨ ខាងលើ រួមមានអាហ្វ្រិកខាងត្បូង, បុតស្វាណា, អេស្វាទីនី, ឡេសូតូ, ម៉ូហ្សំប៊ីគ, ណាមីបៀ, ហ្ស៊ីមបាវ៉េ និងម៉ាឡាវី ដោយអ្នកដំណើរមិនមែនជាពលរដ្ឋម៉ាឡេស៊ី នឹងមិនត្រូវបាន អនុញ្ញាតឱ្យចូលក្នុងប្រទេសម៉ាឡេស៊ីឡើយ។ វិធានការរឹតត្បិតនេះក៏ត្រូវអនុវត្តដូចគ្នាដែរលើពលករ រួមទាំងនិស្សិតបរទេសមកពីប្រទេសទាំងនេះ។

គួរបញ្ជាក់ថា បើតាមរដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី ពលរដ្ឋម៉ាឡេស៊ី ឬអ្នកស្នាក់នៅអចិន្ត្រៃយ៍នឹងមិនរងផលប៉ះពាល់ដោយសារបម្រាមនេះទេ ប៉ុន្តែពួកគេនឹងត្រូវតម្រូវឱ្យ ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅពេលត្រឡប់មកដល់ស្រុកកំណើតវិញ។ មកទល់នឹងពេលនេះ, ម៉ាឡេស៊ីមិនទាន់ប្រកាសពីការរកឃើញករណីឆ្លងវីរុសបំប្លែងថ្មី Omicron នៅឡើយទេ៕