(មីឈីហ្គែន)៖ អាជ្ញាធរអាមេរិកបានរាយការណ៍ឱ្យដឹងថា សិស្សអាយុ ១៥ឆ្នាំម្នាក់ បានបើកការបាញ់ប្រហារនៅក្នុងវិទ្យាល័យមួយ ស្ថិតនៅរដ្ឋមីឈីហ្គែន (Michigan) សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ ដោយបានបណ្ដាលឱ្យក្មេងជំទង់ចំនួន ០៣នាក់ស្លាប់ និងមនុស្សចំនួន ០៨នាក់ទៀតរងរបួស មុនពេលរូបគេដាក់អាវុធចុះ ហើយប្រគល់ខ្លួនឱ្យប៉ូលិស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០២១។

មន្ត្រីប៉ូលិសបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ទាំង ៣នាក់នោះ គឺម្នាក់ជាក្មេងប្រុសវ័យ ១៦ឆ្នាំ ខណៈពីរទៀតជាក្មេងស្រីអាយុ ១៤ឆ្នាំ និង ១៧ឆ្នាំ។ រីឯក្នុងចំណោម អ្នករងរបួសមាន ០៦នាក់ ស្ថិតក្នុងស្ថានភាពធម្មតាហើយ ០២នាក់ទៀតកំពុងស្ថិតក្នុងការវះកាត់ ខណៈគ្រូបង្រៀនម្នាក់ ក៏ស្ថិតក្នុងចំណោមអ្នករងរបួស នៅក្នុងការបាញ់ប្រហារដែលបានកើតឡើង ខណៈដែលសិស្សកំពុងស្ថិតក្នុងថ្នាក់រៀន នៅឯវិទ្យាល័យ អក់ស៏ហ្វដ (Oxford) នោះ។

គួរបញ្ជាក់ថា ជនសង្ស័យត្រូវបានចាប់ខ្លួន ហើយកាំភ្លើងក៏ត្រូវបានដកហូតផងដែរ ប៉ុន្តែមិនទាន់មាននរណាអាចពន្យល់ភ្លាមៗ អំពីមូលហេតុដែលបានបណ្តាលឱ្យមាន ការបាញ់ប្រហារនៅទីក្រុង Oxford ជាទីក្រុងតូចមួយដែលមានចម្ងាយប្រហែល ៦៥គីឡូម៉ែត្រពីភាគខាងជើងទីក្រុង ឌីត្រយត៍ (Detroit) រដ្ឋ Michigan នោះទេ។ ការបាញ់ប្រហារខាងលើនេះ ក៏ត្រូវបានចាត់ទុកជាករណីដ៏សាហាវមួយផងដែរ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក៕