(ម៉ាឌ្រីដ)៖ នៅអំឡុងសម័យសង្រ្គាមត្រជាក់ ជាពិសេសក្រោយអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Henry Kissinger បំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន កាលពីឆ្នាំ១៩៧១, ការប្រាស្រ័យទាក់ទង និងការសហការជាមួយទីក្រុងប៉េកាំង ធ្លាប់ជាមូលដ្ឋាននៃអនាគតនយោបាយការបរទេសអាមេរិក។ ប៉ុន្តែបច្ចុប្បន្ន នយោបាយ បែបនេះបានដើរដល់ទីបញ្ចប់ទៅហើយ នៅចំពោះមុខនៃការប្រជែងដណ្ដើមឥទ្ធិពលគ្នាកាន់តែខ្លាំងរវាងអាមេរិក និងចិន។

កិច្ចប្រជុំកំពូលតាមវីដេអូ កាលពីសប្ដាហ៍មុនរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង ត្រូវបានអ្នកជំនាញខ្លះបកស្រាយជា ការព្យាយាមលើកចុងក្រោយក្នុងការសង្រ្គោះទំនាក់ទំនងទ្វេភាគីនៃមហាអំណាចទាំង២។ ការបោះជំហានជាវិជ្ជមាននេះ ពោលគឺការប្រាស្រ័យទាក់ទងបានដើរតួនាទី យ៉ាងសំខាន់ក្នុងការបញ្ចៀសកុំឱ្យអាមេរិក និងចិនត្រូវប្រឈមមុខដាក់គ្នានៅក្នុងជម្លោះ ឬសង្រ្គាម ហើយនេះឯងជាហេតុផលមួយដែលអាមេរិកត្រូវតែបន្ត
ប្រាស្រ័យទាក់ទង ប៉ុន្តែក៏ត្រូវកែប្រែវិធីសាស្ត្រទំនាក់ទំនងផងដែរឱ្យស្របទៅតាមរបៀវារៈសកល។

*ចាំបាច់ធ្វើកិច្ចសហប្រតិបត្តិការ ទោះជាក្នុងពេលខ្វែងគំនិតគ្នាក៏ដោយ

ខណៈ COVID-19 នៅតែបន្តអុកឡុកពិភពលោក, សហរដ្ឋអាមេរិក និងចិនមិនអាចស្វែងរកចំណុចរួមមួយ ដើម្បីឆ្លើយតបទៅនឹងវិបត្តិសកលមួយនេះទេ តែផ្ទុយទៅវិញ ពួកគេបែរជាទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក, សម្ញែងសាច់ដុំខាងយោធាដាក់គ្នា និងប្រើទ្រឹស្ដីផ្ដេសផ្ដាសគ្មានមូលដ្ឋានចោទប្រកាន់ដាក់គ្នា។ សព្វថ្ងៃ ការគ្រប់គ្រង និងការផ្ដល់សេវាសាធារណៈជាសកលគឺជាកត្តាកំណត់ភូមិសាស្ត្រនយោបាយ។

នៅក្រោយកិច្ចប្រជុំស្ដីការប្រែប្រួលអាកាសធាតុ COP26 ក្នុងទីក្រុង Glasgow របស់អង្គការសហប្រជាជាតិ, គោលបំណងធំក្នុងការរក្សាការកើនឡើងកម្ដៅផែនដីឱ្យនៅ ក្រោម ១.៥ អង្សាសេ នៅតែមានសង្ឃឹម តែអាចសម្រេចបាន ឬមិនបានវាក៏អាស្រ័យមួយផ្នែកលើកិច្ចសហប្រតិបត្តិការរវាងអាមេរិក និងចិនដែរ។ នៅក្នុងបរិបទនេះ វាពិតជាមានសារៈសំខាន់មិនអាចខ្វះបានដែលអាមេរិក និងចិន អនុម័ត ឬសម្រេចឱ្យបាននូវគោលការណ៍មួយសម្រាប់ការប្រាស្រ័យទាក់ទងគ្នាដែលជួយតម្រង់ទិស ក្នុងការដោះស្រាយបញ្ហាសកលនានា ក៏ដូចជាគាំទ្រដល់ការធ្វើកិច្ចសហប្រតិបត្តិការ ទោះបីជានៅក្នុងពេលមានការខ្វែងគំនិតគ្នាក៏ដោយ។

គោលការណ៍ខាងលើដែលមានលក្ខណៈបែបវិទ្យា និងបច្ចេកវិទ្យា គឺជាគំនិតមួយរបស់លោកស្រី Valerie J Karplus មកពីសាកលវិទ្យាល័យ Carnegie Mellon។ លោកស្រី បានសន្មត់ថាគោលការណ៍នេះជាយុទ្ធសាស្ត្រនៃការទប់ស្កាត់ហានិភ័យឱ្យនៅកម្រិតទាប ហើយទុកឱកាសដល់ការធ្វើកិច្ចសហប្រតិបត្តិការនៅពេលមាន
ភាពតានតឹង និងលើកទឹកចិត្តគំនិតផ្ដួចផ្ដើមដ៏មានមហិច្ឆតានានានៅពេលដែលទំនាក់ទំនងស្ថិតនៅក្នុងភាពល្អប្រសើរនៃការជួសជុលឡើងវិញ។

ព្រមពេលជាមួយគ្នា, សហរដ្ឋអាមេរិក និងចិន ក៏ត្រូវតែបង្កប់ផងដែរនូវគោលការណ៍មួយនៃភាពទៀងទាត់ នៅក្នុងទំនាក់ទំនងរបស់ពួកគេ។ នៅក្នុងស្ថានការណ៍ មិនទៀងទាត់ ជាធម្មតាការប្រឈមមុខដាក់គ្នាតែងតែបង្កឡើងដោយភាពចៃដន្យ។ ដើម្បីគ្រប់គ្រងហានិភ័យ, មហាអំណាចទាំង២ គួរតែយកចិត្តទុកដាក់ចំពោះយោបល់ របស់អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក George Shultz នោះគឺ «ការមើលថែទាំសួនចម្បារការទូត» ដោយចាត់ទុកការទូតមិនត្រឹមតែជាការស្វែងរកប្រយោជន៍ ប៉ុណ្ណោះទេ តែក៏ជាទម្លាប់មួយដែរ។

នៅសម័យក្រោយសង្រ្គាមត្រជាក់, យុទ្ធសាស្ត្ររបស់អាមេរិកក្នុងការប្រាក់ស្រ័យទាក់ទងជាមួយចិនមានលក្ខណៈសមទៅនឹងសម័យកាល។ តែសព្វថ្ងៃ អាមេរិកលែងជា កំពូលមហាអំណាចផ្ដាច់មុខតែមួយគត់នៅលើពិភពលោកទៀតហើយ ពោលគឺនៅពេលអនាគត អាមេរិកនឹងក្លាយជាកំពូលមហាអំណាចមួយក្នុងចំណោម២ ដែលព័ទ្ធ ទៅដោយភូមិសាស្ត្រនយោបាយថ្មីមួយដែលមានមហាអំណាចថ្មីៗលេចមុខឡើងជាបន្តបន្ទាប់។ នេះមានន័យថាមិនមែនមានតែសហរដ្ឋអាមេរិកតែមួយទេដែលត្រូវ កែប្រែយុទ្ធសាស្ត្រ ឬវិធីសាស្ត្ររបស់ខ្លួន សូម្បីតែមហាអំណាចដទៃក៏ត្រូវចូលរួមក្នុងការគ្រប់គ្រងការប្រជែងគ្នារវាងចិន និងអាមេរិកដែរ។

ការប្រាស្រ័យទាក់ទងគ្នាដែលមានលក្ខណៈទទួលខុសត្រូវ ត្រូវតម្រូវឱ្យតួអង្គពាក់ព័ន្ធដទៃចូលរួម ដែលអាចនឹងផ្ដល់ផលវិជ្ជមានដល់សន្តិសុខអន្តរជាតិ, ធ្វើឱ្យមនុស្សជាតិ ស្ថិតនៅលើទីតាំងមួយដ៏ប្រសើរ ដើម្បីប្រឈមមុខនឹងសម្ពាធនៃបញ្ហាប្រឈមទាំងឡាយដែលយើងកំពុងប្រឈម៕

ប្រភព៖ CNA (ថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១)