(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិនបានឲ្យដឹងនៅថ្ងៃអង្គារនេះ ប្រជាជនចិនមានអាយុចាប់ពី៦០ឆ្នាំឡើង ជាង២១៥លាននាក់បានចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស ដោយក្នុងនោះមាន២០៦នាក់បានចាក់វ៉ាក់សាំងពេញលេញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក Cui Gang មន្ត្រីនៃគណៈកម្មាធិការសុខភាពជាតិ (NHC) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តក្នុងចំណោមមនុស្សចាស់កំពុងរីកចម្រើនជាលំដាប់នៅទូទាំងប្រទេស។

យោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិកាលពីខែឧសភាឆ្នាំមុន ចំនួនប្រជាជនចិនដីគោកដែលមានអាយុចាប់ពី៦០ឆ្នាំឡើង បានកើនឡើងដល់ ២៦៤.០២លាននាក់។

មន្ត្រីនៃគណៈកម្មាធិការសុខភាពជាតិ (NHC)ម្នាក់ទៀត គឺលោក Zheng Zhongwei បានចង្អុលបង្ហាញថា អត្រានៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងចំណោមមនុស្សដែលមានអាយុលើសពី៧០ឆ្នាំ និង៨០ឆ្នាំ នៅតែមានកម្រិតទាបនៅក្នុងតំបន់មួយចំនួន។ លោក Zheng បាននិយាយថា ការងារបន្ទាប់គួរតែត្រូវបានធ្វើដើម្បីពន្លឿនការចាក់វ៉ាក់សាំងសម្រាប់អ្នកដែលនៅក្នុងក្រុមអាយុទាំងនេះ។

គួរបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រមាណជាង ២.៤៨ពាន់លានដូសហើយ ត្រូវបានចាក់ជូនដល់ប្រជាជននៅទូទាំងប្រទេសចិន គិតត្រឹមថ្ងៃសៅរ៍សប្តាហ៍កន្លងទៅនេះ៕