Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយកក្រុមហ៊ុន Moderna ព្រមានថា វ៉ាក់សាំងប្រហែលថយចុះប្រសិទ្ធភាព ក្នុងការប្រឆាំងវីរុសបំប្លែងថ្មី Omicron

30-11-2021 16:32

(អាមេរិក)៖ នាយកក្រុមហ៊ុនផលិតឱសថអាមេរិក Moderna នៅថ្ងៃអង្គារនេះ បានព្រមានថា វ៉ាក់សាំងបង្ការជំងឺ COVID-19 បច្ចុប្បន្ននេះ ប្រហែលអាចចុះខ្សោយប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសបំប្លែងថ្មី Omicron គឺដូចប្រសិទ្ធភាពពួកវា ប្រឆាំងនឹងវីរុសបំប្លែងខ្លួន Delta កន្លងមកដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក Stephane Bancel នាយកប្រតិបត្តិក្រុមហ៊ុន Moderna បានលើកឡើងក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន Financial Times ដូច្នេះថា «ប្រសិទ្ធភាពវ៉ាក់សាំង ទំនងជាមិនអាចស្ថិតនៅកម្រិតដូចគ្នាដដែលឡើយ ពោលគឺវាដូចជាមួយវីរុសទម្រង់ Delta របស់ COVID-19 យ៉ាងដូច្នោះ។ ខ្ញុំគិតថាប្រសិទ្ធភាពវ៉ាក់សាំងនឹងថយចុះ តែខ្ញុំមិនទាន់អាចនិយាយឲ្យប្រាកដថា ថយច្រើនឬតិចកម្រិតណាឡើយ ព្រោះយើងត្រូវរង់ចាំទទួល ទិន្នន័យជាក់ស្តែងសិន»

គួរបញ្ជាក់ថា វីរុសបំប្លែងថ្មី Omicron ត្រូវបានរកឃើញដំបូង កាលពីថ្ងៃទី២៤ ខែវិច្ឆិកានេះ នៅប្រទេសអាហ្រ្វិកខាងត្បូង ហើយឥឡូវវាក៏មាន វត្តមាននៅតាមប្រទេសយ៉ាងហោចជាង១០ទៀតដែរ។ មូលហេតុដែលពិភពលោកទាំងមូលភ័យព្រួយខ្លាំងអំពីវា គឺព្រោះតែវីរុសបំប្លែងថ្មីនេះ មានភាពបំប្លែងខ្លាំងជាងវីរុស COVID-19 ពីមុនៗថែមទៀត។

អង្គការ WHO បានព្រមានថា វីរុសបំប្លែងថ្មី Omicron មានហានិភ័យខ្ពស់ ដែលអាចធ្វើឲ្យករណីឆ្លង COVID-19 នៅលើពិភពលោកកើនឡើងខ្លាំង ហើយបណ្តាលឲ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរជាថ្មីម្តងទៀត៕