(សិង្ហបុរី)៖ អាជ្ញាធរសុខាភិបាលរដ្ឋ New South Wales (NSW Health) នៃប្រទេសអូស្ត្រាលីបាននិយាយនៅថ្ងៃចន្ទនេះថា អ្នកធ្វើដំណើរពីរនាក់ដែលបានហោះហើមកពីប្រទេសសិង្ហបុរីទៅកាន់ទីក្រុងស៊ីដនី កាលពីថ្ងៃអាទិត្យកន្លងទៅនេះត្រូវបានបញ្ជាក់ថា មានផ្ទុកវីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី Omicron។ នេះបើយោងតាមការចេញផ្សាយដោយ សាព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។
អាជ្ញាធរសុខាភិបាលបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា «អ្នកដំណើរទាំងពីរនាក់ បានមកដល់ទីក្រុងស៊ីដនីពីអាហ្វ្រិកខាងត្បូង តាមជើងហោះហើរ SQ211 របស់ក្រុមហ៊ុន Singapore Airlines»។
ពួកគេទាំងពីរបានចាក់វ៉ាក់សាំងយ៉ាងពេញលេញ ហើយត្រូវដាច់ដោយឡែកពីគេក្នុងកន្លែងស្នាក់នៅពិសេសមួយ។
អាជ្ញាធរបាននិយាយថា «អ្នកដំណើរទាំងអស់ដែលនៅលើយន្តហោះ ត្រូវបានចាត់ទុកថាជាមនុស្សមានទំនាក់ទំនងជិតស្និតជាមួយអ្នកជំងឺ ហើយនឹងត្រូវធ្វើតេស្តភ្លាមៗ និងដាក់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដោយមិនគិតពីស្ថានភាពនៃការចាក់វ៉ាក់សាំងរបស់ពួកគេឡើយ»។
គួរបញ្ជាក់ថា អូស្ត្រាលី បាន បើក ព្រំដែន របស់ខ្លួន សម្រាប់ប្រជាជនសិង្ហបុរីដែលបានចាក់ វ៉ាក់សាំង ពេញលេញ កាលពី ថ្ងៃទី ២១ ខែវិច្ឆិកា បន្ទាប់ពី ប្រទេស សិង្ហ បុរី បានអនុញ្ញាតប្រជាជនអូស្ត្រាលីដែលបានចាក់វ៉ាក់សាំងរួច អាចចូលប្រទេសរបស់ខ្លួនបានកាលពីដើមខែនេះ។
កាលពីថ្ងៃសៅរ៍កន្លងទៅនេះ អាជ្ញាធររដ្ឋ New South Wales បាននិយាយថា ចាប់ពីថ្ងៃអាទិត្យតទៅ អ្នកដំណើរទាំងអស់ដែលមកដល់ប្រទេសអូស្ត្រាលី នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេយ៉ាងហោចណាស់បីថ្ងៃ៕