(វ៉ាស៊ីនតោន)៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោន លោក អាន់តូលី អាន់តូនូវ (Anatoly Antonov) បានឱ្យដឹងថាមន្ត្រីការទូតរុស្ស៊ី ២៧នាក់ និងសមាជិក គ្រួសាររបស់ពួកគេនឹងត្រូវបានបណ្ដេញចេញពីសហរដ្ឋអាមេរិក នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក Anatoly Antonov ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយនៅលើ YouTube channel Soloviov Live នៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោក Antonov បានគូសបញ្ជាក់ដូច្នេះថា «មន្ត្រីការទូតរបស់យើងនឹងត្រូវបានបណ្ដេញ (ចេញពីសហរដ្ឋអាមេរិក) ដោយ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ខាងមុខ មន្ត្រីទូតរុស្ស៊ី ២៧នាក់ និងគ្រួសាររបស់ពួកគេនឹងត្រូវចាកចេញពីយើង»

គួរបញ្ជាក់ថា បើតាមលោក Anatoly Antonov នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២, មន្ត្រីទូតរុស្ស៊ីប្រហាក់ប្រហែលនឹងចំនួនខាងលើ ក៏នឹងត្រូវបានបណ្ដេញពី សហរដ្ឋអាមេរិកផងដែរ៕