(អាំស្ទើដាំ)៖ អាជ្ញាធរសុខាភិបាលហូឡង់ បានរាយការណ៍ឱ្យដឹងថា មនុស្សចំនួន ៦១នាក់ដែលបានមកដល់ទីក្រុង អាំស្ទើរដាំ (Amsterdam) ប្រទេសហូឡង់ តាមរយៈជើងហោះហើរចំនួន ២ ពីប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 ហើយពួកគេកំពុងធ្វើតេស្តបន្ថែមទៀត នៅព្រឹកថ្ងៃសៅរ៍នេះ ដើម្បីរកមើលថា តើមានករណីឆ្លងណាមួយជាករណីឆ្លងវីរុសបំប្លែងថ្មី អូមីក្រុង (Omicron) ដែរឬទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។

អ្នកដំណើរប្រហែល ៦០០នាក់បានមកដល់អាកាសយានដ្ឋាន ស្គីហ្វូល (Schiphol) នៃទីក្រុង Amsterdam តាមរយៈជើងហោះហើរ KLM ចំនួន ០២ កាលពីថ្ងៃសុក្រម្សិលមិញនេះ ហើយបន្ទាប់មកក៏ត្រូវបានពន្យារពេលជាច្រើនម៉ោង ដើម្បីធ្វើតេស្តរកជំងឺ COVID-19 ដោយសារតែការព្រួយបារម្ភ អំពីវីរុសបំប្លែងថ្មី។

ក្រសួងសុខាភិបាលហូឡង់ បានឲ្យដឹងនៅព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងនៅទីក្រុងអាំស្ទើរដាំ) ថា «មនុស្សចំនួន ៦១នាក់បានធ្វើតេស្តវិជ្ជមាន ហើយពួកគេ នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេ នៅសណ្ឋាគារក្នុង ឬជិតអាកាសយានដ្ឋាន Schiphol តែម្តង»។

ក្រសួងសុខាភិបាលហូឡង់ បានបញ្ជាក់បន្ថែមថា «ក្រោយទទួលបានលទ្ធផលតេស្តវិជ្ជមាន (COVID-19) យើងកំពុងបន្តស្រាវជ្រាវឱ្យបានលឿនបំផុត តាមដែលអាចធ្វើទៅបានដើម្បីកំណត់ទៀតថា តើវាជាវីរុសបំប្លែងថ្មី ដែលអង្គការសុខភាពពិភពលោក (WHO) បានចាត់ទុកថាជាវីរុសដែលគួរឲ្យបារម្ភ ហើយនាពេលឥឡូវនេះ មានឈ្មោះជាផ្លូវការថា Omicron ដែរ ឬមួយក៏យ៉ាងណា»៕