(បាងកក)៖ ប្រទេសថៃនៅថ្ងៃសៅរ៍នេះ បានប្រកាសហាមឃាត់ការធ្វើដំណើរ រវាងប្រទេសស្ថិតនៅតំបន់អាហ្វ្រិកខាងត្បូងចំនួន ០៨ បន្ទាប់ពីវីរុស COVID-19 បំប្លែងថ្មីឈ្មោះ អូមីក្រន់ (Omicron) ត្រូវបានរកឃើញនៅតំបន់នោះ ខណៈអង្គការសុខភាពពិភពលោក (WHO) បានចាត់ទុកថា វាជាវីរុសស្ថិតដែលក្នុង «ក្តីព្រួយបារម្ភ»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។

ការផ្អាកមិនទទួលអ្នកដំណើរមកពីប្រទេសចំនួន ៨ នៅតំបន់អាហ្វ្រិកខាងត្បូងដូចជា ប្រទេសអាហ្វ្រិកខាងត្បូង, បុតស្វាណា, អេស្វាទីនី, ឡេសូថូ, ម៉ាឡាវី, ម៉ូហ្សាំប៊ីក, ណាមីបៀរ, និងហ្ស៊ីមបាបវ៉េ ដោយរដ្ឋាភិបាលថៃខាងលើនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីខែធ្នូ ខាងមុខនេះតទៅហើយ។ ដោយឡែកការលែងទទួលពាក្យស្នើសុំ ពីអ្នកដំណើរនៃបណ្តាប្រទេសទាំងនេះ ចូលមកកាន់ប្រទេសថៃ គឺអនុវត្តចាប់ពីថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា នេះតែម្តង។

មន្ត្រីសុខាភិបាលជាន់ខ្ពស់នៃប្រទេសថៃ លោក អូប៉ាស កានកាវីនផុង (Opas Karnkawinpong) បានថ្លែងថា «ចាប់ពីខែធ្នូខាងមុខនេះតទៅ អ្នកដំណើរមកពីប្រទេសទាំង ៨ ខាងលើនេះនឹងហាមឃាត់ មិនឲ្យចូលមកកាន់ប្រទេសថៃឡើយ។ យើងបានជូនដំណឹងទៅកាន់រដ្ឋាភិបាលប្រទេសទាំងនេះ និងអាកាសចរណ៍នានារួចរាល់ហើយ»

លោក Opas បានគូសបញ្ជាក់បន្ថែមថា សម្រាប់អ្នកដំណើរដែលបានចុះឈ្មោះរួច នឹងនៅតែអាចធ្វើដំណើរមកថៃប្រទេសដដែល ប៉ុន្តែពួកគេនឹងមិនទទួលបាន ការលើកលែងចត្តាឡីស័កនោះឡើយ បើទោះបីជាបានចាក់វ៉ាក់សាំង បង្ការជំងឺ COVID-19 រួចរាល់ក្តី។

គួរបញ្ជាក់ថា ក្រុមអ្នកជំនាញផ្នែកមេរោគ នៅប្រទេសអាហ្វ្រិកខាងត្បូង និងចក្រភពអង់គ្លេស សុទ្ធតែបានអះអាងដូចគ្នាថា វីរុសបំប្លែងថ្មី Omicron ទំនងជាមានលទ្ធភាពចម្លងលឿនរហ័សជាង វីរុសបំប្លែងខ្លួន Delta និងអាចយកឈ្នះលើវ៉ាក់សាំងនានា ដែលមានបច្ចុប្បន្នផងដែរ។ យ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញ WHO ក្រោយបញ្ចប់កិច្ចប្រជុំ កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសថា ពួកគេត្រូវការពេល ២ ទៅ ៣ សប្តាហ៍ទៀត ដើម្បីតាមដានដំណើរវិវឌ្ឍ និងឥទ្ធិពលរបស់វីរុសថ្មីនេះ៕