Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនអាមេរិក Novavax ត្រៀមផលិត និងធ្វើតេស្តវ៉ាក់សាំងថ្មី ដើម្បីទប់ទល់មេរោគបំប្លែងថ្មី «Omicron» (Video inside)

27-11-2021 13:30

(អាមេរិក)៖ ក្រុមហ៊ុនផលិតឱសថជីវសាស្ត្រអាមេរិក Novavax ដែលមានមូលដ្ឋាននៅរដ្ឋ ម៉ារីលែន (Maryland) បានប្រកាសនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ថា ក្រុមហ៊ុនកំពុងតែធ្វើកំណែប្រែមួយ ទៅលើវ៉ាក់សាំងបង្ការ COVID-19 របស់ខ្លួន ដើម្បីឲ្យវាអាចទប់ទល់នឹងវីរុសបំប្លែងខ្លួនថ្មី អូមីក្រន់ (Omicron) ដែលត្រូវបានរកឃើញដំបូងគេ នៅក្នុងប្រទេសអាហ្វ្រិកត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាមក្រុមជំនាញរបស់ Novavax វ៉ាក់សាំងដែលខ្លួនបានអភិវឌ្ឍកន្លងមក គឺជាកំណែប្រែមួយផ្សេងពីប្រភេទវ៉ាក់សាំង ចាក់បញ្ចូលវីរុស-ប្រូតេអ៊ីនតម្ពក់ (virus' spike protein), ដូច្នេះវាមិនអាចបង្ករការឈឺថ្កាត់នោះឡើយ ប៉ុន្តែអាចជំរុញប្រព័ន្ធភាពសុំាក្នុងខ្លួនមនុស្សបាន។ ដោយឡែកសម្រាប់លើកនេះ ក្រុមអ្នកអភិវឌ្ឍវ៉ាក់សាំង Novavax បានអះអាងថា ពួកគេបានចាប់ផ្តើមបង្កើត វ៉ាក់សាំងចាក់បញ្ចូល virus' spike protein ជាពិសេសតែម្តង ដោយផ្អែកលើលំដាប់ហ្សែន ដែលគេស្គាល់ពីវីរុសបំប្លែងថ្មី B.1.1.529 (Omicron) នោះ។

គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក (WHO) ក្រោយបញ្ចប់កិច្ចប្រជុំបន្ទាន់មួយ កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានសម្រេចដាក់ឈ្មោះវីរុសបំប្លែងថ្មី «B.1.1.529» ដែលទើបត្រូវបានរកឃើញនៅអាហ្វ្រិកខាងត្បូង នោះជាផ្លូវការថា «អូមីក្រន់» (Omicron) និងចាត់ទុកថា «វាជាវីរុសដែលគួរឲ្យបារម្ភ» ខណៈស្លាកនេះត្រូវបាន WHO ដាក់ឲ្យមេរោគបំប្លែងខ្លួនចំនួន ៤ ប៉ុណ្ណោះកន្លងមក។ អ្វីដែលសំខាន់គឺ Omicron ត្រូវបានពិភពលោកព្រួយបារម្ភបំផុតថា មានសមត្ថភាពចម្លងខ្លាំងជាងវីរុស Delta និងអាចយកឈ្នះលើវ៉ាក់សាំងនានាបច្ចុប្បន្ន។

សម្រាប់ក្រុមហ៊ុន Novavax វិញបានរំពឹងថា នឹងអាចចាប់ផ្តើមការធ្វើតេស្ត វ៉ាក់សាំងថ្មីរបស់ខ្លួននៅរយៈពេល ២ ទៅ ៣ សប្តាហ៍ទៀត។ ក្រុមហ៊ុននេះក៏ត្រៀមដាក់់ពាក្យស្នើ ទៅកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិក ឲ្យអនុម័តការប្រើប្រាស់ជាផ្លូវការ នៅចុងឆ្នាំ ២០២១ នេះផងដែរ ហើយបន្ទាប់មក ការស្នើដូច្នេះគ្នានេះនឹងត្រូវបញ្ជូនទៅកាន់ ទីភ្នាក់ងារត្រួតពិនិត្យឱសថអឺរ៉ុប (EMA) និងរដ្ឋាភិបាលកាណាដា៕