(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៣៧,៦៨៦នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៣៣៧នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៩,០៥០,៩១៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៧៩៩,១៣៨នាក់ និងជាសះស្បើយឡើងសរុប ៣៨.៨៤លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

វេជ្ជបណ្ឌិត អាន់ថូនី ហ្វាវស៊ី (Anthony Fauci) អ្នកជំនាញជាន់ខ្ពស់ផ្នែកជំងឺនៅសហរដ្ឋអាមេរិក បានថ្លែងនៅក្នុងសប្តាហ៍នេះថា ភាគច្រើននៃប្រជាជនអាមេរិក ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ពេញលេញ ពួកគេគួរតែប្រញាប់ប្រញាល់ទៅទទួលការចាក់ «ដូសជំរុញ» បន្ថែមទៀត ហើយដូសជំរុញនេះ អាចនឹងក្លាយជាស្តង់ដារថ្មីសម្រាប់ប្រទេសនេះ ក្នុងការកំណត់អំពីអ្នកដែលបានចាក់វ៉ាក់សាំង «ពេញលេញ» និងជាការឆ្លើយតប ចំពោះកំណើននៃករណីឆ្លងយ៉ាងគំហុកឡើងវិញ។

អង្គការសុខភាពពិភពលោក (WHO) ក្រោយបញ្ចប់កិច្ចប្រជុំបន្ទាន់មួយ កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានសម្រេចដាក់ឈ្មោះវីរុសបំប្លែងថ្មី «B.1.1.529» ដែលទើបត្រូវបានរកឃើញនៅអាហ្វ្រិកខាងត្បូង នោះជាផ្លូវការថា «អូមីក្រន់» (Omicron) និងចាត់ទុកថា «វាជាវីរុសដែលគួរឲ្យបារម្ភ»។ ជុំវិញបញ្ហានេះ សហរដ្ឋអាមេរិកបានសម្រេច រឹតត្បិតការធ្វើដំណើរពីបណ្តាប្រទេស ស្ថិតនៅតំបន់អាហ្វ្រិកខាងត្បូងចំនួន ០៨។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤៥៤លានដូស ក្នុងនោះប្រជាជន ២៣១.៣៦លាននាក់ (៧០.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ១៩៥លាននាក់ (៥៩.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៣៧.៤៣លាននាក់ (១១.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕