(សិង្ហបុរី)៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី (CAAS) នៅថ្ងៃសុក្រនេះបានប្រកាសថា ប្រទេសសិង្ហបុរីនឹងពង្រីកមធ្យោបាយធ្វើដំណើរ ចំពោះអ្នកដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រួចរាល់ហើយ (VLT) មកពីប្រទេសចំនួន ៦ បន្ថែមទៀតនៅខែធ្នូខាងមុខ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅល្ងាចថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

ចាប់ពីថ្ងៃទី១៤ ខែធ្នូខាងមុខនេះ អ្នកដំណើរដែលបានទទួលការចាក់ វ៉ាក់សាំងបង្ការ COVID-19 រួចរាល់ហើយមកពីប្រទេសថៃ នឹងអាចចូលមកកាន់ប្រទេសសិង្ហបុរីបាន ដោយមិនចាំបាច់ឆ្លងកាត់ការធ្វើចត្តាឡីស័កឡើយ ខណៈលក្ខខណ្ឌដូចគ្នានេះ ក៏នឹងត្រូវអនុវត្តផងដែរ ចំពោះអ្នកដំណើរមកពីប្រទេសកម្ពុជា, ហ៊្វីជី, ម៉ាល់ឌីវ, ស្រីលង្កា និងតួកគី នឹងអាចធ្វើដូច្នេះបានចាប់ពីថ្ងៃទី១៦ ខែធ្នូខាងមុខនេះ។

គួរបញ្ជាក់ថា ការពង្រីកបន្ថែមចុងក្រោយនេះ នឹងបង្កើនចំនួនប្រទេសរហូតដល់ ២៧ ដែលរដ្ឋាភិបាលសិង្ហបុរីអនុញ្ញាត ឱ្យចូលមកកាន់ប្រទេសរបស់ខ្លួន ដោយមិនចាំបាច់តម្រូវឱ្យធ្វើចត្តាឡីស័ក ចំពោះអ្នកដែលបានទទួលការចាក់វ៉ាក់សាំងរួចរាល់ហើយ ខណៈអ្នកចូលមកកាន់ទឹកដីសិង្ហបុរី គឺត្រូវតែទទួលការធ្វើតេស្តរក COVID-19 ទាំងមុនពេលចេញដំណើរពីប្រទេសរបស់ពួកគេ និងពេលមកដល់ទឹកដីសិង្ហបុរី៕