(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នក្នុងដំណាក់កាលដំបូង ព្រមជាមួយការស្រាវជ្រាវ បន្ថែមទៀត ដើម្បីយល់ពីឥទ្ធិពល និងការវិវឌ្ឍនៃវីរុស COVID-19 បំប្លែងខ្លួនថ្មី ដែលមានលេខសម្គាល់ «B.1.1.529» ស្របពេល WHO អាចនឹងដាក់ឈ្មោះឱ្យ វីរុសបំប្លែងថ្មីនេះនៅក្នុងកិច្ចប្រជុំបន្ទាន់មួយ នៅថ្ងៃសុក្រសប្ដាហ៍នេះ។

ការអំពាវនាវខាងលើនេះ ត្រូវបានធ្វើឡើងដោយវេជ្ជបណ្ឌិត ម៉ារៀ វ៉ាន់ កឺខូវ (Maria Van Kerkhove) ប្រធានក្រុមបច្ចេកទេសគ្រប់គ្រងជំងឺ COVID-19 របស់ WHO។ លោកស្រីវេជ្ជបណ្ឌិត Maria Van Kerkhove បានបន្ថែមថា មកទល់នឹងពេលនេះគេមិនទាន់អាចសន្និដ្ឋានបានថា តើវីរុសបំប្លែងខ្លួនថ្មីនេះមានគ្រោះថ្នាក់កម្រិតណានៅឡើយទេ ខណៈលោកស្រីនៅតែបន្តណែនាំអំពីសារៈសំខាន់ នៃការធានាឲ្យបានការចាក់វ៉ាក់សាំងពេញលេញ។

ហ្សែននៃវីរុស COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 ត្រូវបានអាប់ឡូតនៅលើទិន្នន័យសកល ជីសេដ (GISAID) កាលពីថ្ងៃទី២២ ខែវិច្ឆិកា ប៉ុន្តែហ្សែនវីរុសនេះដែលត្រូវបានគេជឿជាក់ថា មានប្រភពដើមនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង មិនទាន់ត្រូវបានកំណត់ពីកាលបរិច្ឆេទជាក់លាក់ទេ។

* តើយើងដឹងអ្វីខ្លះហើយពីវីរុសបំប្លែងថ្មីនេះ?

លោកស្រីវេជ្ជបណ្ឌិត ម៉ារៀ វ៉ាន់ កឺខូវ (Maria Van Kerkhove) ជាប្រធានក្រុមបច្ចេកទេសគ្រប់គ្រងជំងឺ COVID-19 របស់ WHO បានបញ្ជាក់ថា មកទល់នឹងពេលនេះ គេមិនទាន់អាចសន្និដ្ឋានបានថា តើវីរុសបំប្លែងខ្លួនថ្មីនេះមានគ្រោះថ្នាក់កម្រិតណានៅឡើយទេ។ ប៉ុន្តែ អ្វីដែលគួរឱ្យព្រួយបារម្ភ នោះគឺនៅក្នុងការធ្វើសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ អាជ្ញាធរសុខាភិបាលអាហ្វ្រិកខាងត្បូងបាននិយាយថា វីរុសបំប្លែងថ្មី B.1.1.529 នេះ បានបំប្លែងខ្លួនក្នុងចំនួនដ៏ច្រើនមិនធ្លាប់មាន រហូតដល់ទៅច្រើនជាង «៣០ដង» នៅក្នុងប្រូតេអ៉ីនម្យ៉ាងរបស់វីរុស ដែលគេស្គាល់ថា «spike protein» ដែលត្រូវបានវីរុសប្រើប្រាស់ដើម្បីថ្ពក់ ឬភ្ជាប់ខ្លួនវាទៅនឹងកោសិការបស់មនុស្ស។

ជុំវិញការរកឃើញវីរុសបំប្លែងថ្មីនេះដែរ លោកសាស្ត្រចារ្យ ទុយលីយ៉ូ ឌឺ អូលីវេរ៉ា (Tulio de Oliveira) ដែលជានាយកមជ្ឈមណ្ឌលសម្រាប់ការឆ្លើយតបជំងឺឆ្លង និងការច្នៃប្រឌិតមានមូលដ្ឋានក្នុងប្រទេសអាហ្វ្រិកខាងត្បូង បានបញ្ជាក់ដូច្នេះថា «វីរុសបំប្លែងថ្មីនេះបានបំប្លែងខ្លួនច្រើនជាងយើងរំពឹងទុក... ហើយវាអាចចម្លងជំងឺយ៉ាងលឿនរហ័ស ដោយយើងអាចនឹងបានឃើញ សម្ពាធបន្ថែមលើប្រព័ន្ធសុខាភិបាល នៅប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្ដាហ៍ខាងមុខនេះ»។ លោក Tulio បន្ថែមថា មន្ត្រីសុខាភិបាលសាធារណៈទាំងអស់ គួរតែបញ្ចៀសរាល់ព្រឹត្តិការណ៍ ឬការប្រមូលផ្ដុំទាំងឡាយដែលងាយចម្លងជំងឺ។

ដូចគ្នាទៅនឹងលោក Tulio de Oliveira អ្នកជំនាញសុខាភិបាលជាច្រើន ក៏បានបង្ហាញពីក្ដីកង្វល់ផងដែរ ចំពោះវីរុសបំប្លែងថ្មី B.1.1.529 ពោលគឺការបំប្លែងខ្លួនក្នុងចំនួនដ៏ច្រើនរបស់វា អាចធ្វើឱ្យវាមានសមត្ថភាព ប្រឆាំងនឹងវ៉ាក់សាំងដែលមានស្រាប់នាពេលបច្ចុប្បន្ន ក៏ដូចជាចម្លងជំងឺកាន់តែលឿនរហ័សផងដែរ។ តែទោះជាបែបនេះក្ដី គេមិនទាន់អាចដឹងថា តើការបំប្លែងខ្លួនមួយណា ឬប្រភេទណានៃវីរុសនេះ ដែលអាចនឹងបំផ្លាញប្រសិទ្ធភាពវ៉ាក់សាំងនោះទេ ខណៈការសិក្សាកំពុងធ្វើឡើងនៅឡើយ ជាពិសេសពីសំណាក់ WHO៕