(វែលីងតោន)៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ចេស៉ីនដា អាដឺន (Jacinda Ardern) នៅថ្ងៃសុក្រនេះបាននិយាយថាប្រទេសរបស់លោកស្រី បានត្រៀមខ្លួន រួចជាស្រេច ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុស COVID-19 បំប្លែងខ្លួនថ្មីមួយផ្សេងទៀត មានឈ្មោះសម្គាល់ថា B.1.1.529 ដែលកំពុងឆ្លងរីករាលដាលនៅប្រទេស អាហ្រ្វិកខាងត្បូង ដែលអាចធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពវ៉ាក់សាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកស្រី Jacinda Ardern បានលើកឡើងនៅក្នុងបទសម្ភាសន៍មួយដូច្នេះថា «ផែនការទាំងអស់របស់យើង ជុំវិញការទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុស COVID-19 គឺយើងបានបង្កើតឡើង ដោយគិតពីលទ្ធភាពនៃការបំប្លែងខ្លួនថ្មីរបស់វា នៅពេលអនាគតរួចជាស្រេចហើយ។ ទាំងនេះជាមូលហេតុដែលយើង នៅតែរក្សាកម្រិតការពារ សុខភាពសាធារណៈរបស់យើង និងជាមូលហេតុដែលយើងនៅតែរក្សាការបិទព្រំដែនរបស់យើង»

រដ្ឋាភិបាលរបស់លោកស្រី Jacinda Ardern កាលពីដើមសប្តាហ៍នេះបានប្រកាសថា ខ្លួននឹងបើកព្រំដែនរបស់ខ្លួនឡើងវិញ ដើម្បីទទួលស្វាគមន៍អ្នកដំណើរអន្តរជាតិ ដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស) រួចរាល់ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ។

ប៉ុន្តែនៅពេលត្រូវបានសាកសួរនៅថ្ងៃសុក្រនេះថា តើវីរុស COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 ទំនងជានឹងពន្យារពេលផែនការខាងលើដែរឬទេ? លោកស្រី Jacinda Ardern បានបញ្ជាក់ថាប្រទេសនេះមាន «វិធានការដែលមានស្រាប់ជាច្រើន ដើម្បីដើរតួជាស្រទាប់ការពារ។ ជាមួយនឹងការផ្លាស់ប្តូរទាំងអស់របស់យើង យើងតាមដាន ជានិច្ចនូវអ្វីដែលកំពុងកើតឡើងជាមួយនឹងជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ ហើយយើងនឹងបន្តធ្វើវា»

គួរបញ្ជាក់ថា វីរុស COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 មាន Spike Protein ខុសគ្នាយ៉ាងខ្លាំងពីវីរុសដើម ដែលវ៉ាក់សាំងត្រូវបានអភិវឌ្ឍឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងវា។ វីរុសនេះ ប្រហែលជាមានការបំប្លែងខ្លួនទ្វេដង ដែលយើងបានឃើញនៅក្នុងវីរុសបំប្លែងខ្លួន Delta ហើយវាជាអ្វីដែល «អាក្រក់បំផុត» ព្រោះវ៉ាក់សាំងនានាបច្ចុប្បន្ននេះ ទំនងជាមិនមានប្រសិទ្ធភាពក្នុងការទប់ទល់នឹងវាឡើយ៕