(ប៉េកាំង)៖ ទីក្រុងប៉េកាំងលែងមានតំបន់ «ហានិភ័យកម្រិតមធ្យម និងខ្ពស់» នៃការឆ្លងរីករាលដាលជំងឺ COVID-19 ទៀតហើយ ខណៈតំបន់ដែលហានិភ័យមធ្យមចុងក្រោយ ត្រូវបានទម្លាក់ចំណាត់ថ្នាក់ ទៅជាតំបន់ដែលមានហានិភ័យទាបវិញ នៅថ្ងៃសុក្រនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) នៃទីក្រុងប៉េកាំងបានគូសបញ្ជាក់ថា សហគមន៍មួយនៅក្នុងស្រុក ហាយទៀន (Haidian) ត្រូវបានទម្លាក់ចំណាត់ថ្នាក់ ទៅជាតំបន់ដែលមានហានិភ័យទាបវិញហើយ ខណៈដែលគ្មានករណីឆ្លងថ្មីៗ ត្រូវបានរាយការណ៍នៅទីនោះ ក្នុងរយៈពេល ១៤ថ្ងៃជាប់ៗគ្នា។ ជាមួយនឹងការកែសម្រួលថ្មីនេះ បានធ្វើឱ្យទីក្រុងប៉េកាំងទាំងមូល ស្ថិតក្នុងថ្នាក់តំបន់ដែលមានហានិភ័យទាប នៃការឆ្លងរីករាលដាលជំងឺ COVID-19។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសចិន បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៩៨,៥៨៣ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៦៣៦នាក់ និងអ្នកជាសះស្បើយ ៩៣,០៨៧នាក់។ សម្រាប់ការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ ចិនសម្រេចបានសរុប ២.៣៣ពាន់លានដូស ក្នុងនោះប្រជាជន ១.០៧ពាន់លាននាក់ បានទទួលការចាក់គ្រប់ដូស៕