(សេអ៊ូល)៖ បេក្ខជនប្រធានាធិបតី លោក Lee Jae-myung មកពីគណបក្សប្រជាធិបតេយ្យដែលជាបក្សកាន់អំណាចក្នុងប្រទេសកូរ៉េខាងត្បូង បានសន្យានៅថ្ងៃព្រហស្បតិ៍នេះថានឹងបន្តដើរតាម «នយោបាយការទូតប្រាកដនិយម» ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីនៅក្នុងការបោះឆ្នោតដែល គ្រោងនឹងធ្វើឡើងនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

ថ្លែងនៅក្នុងសនិ្នសីទសារព័ត៌មានជាមួយអ្នកកាសែតបរទេសក្នុងទីក្រុងសេអ៊ូល លោក Lee Jae-myung បានបញ្ជាក់ដូច្នេះថា «ខ្ញុំនឹងបន្តដើរតាមនយោបាយការទូត ប្រាកដនិយម ដែលមានលក្ខខណៈលើសពីទ្រឹស្ដី ដើម្បីតម្កល់ផលប្រយោជន៍ជាតិរបស់យើងមុនគេ»។ លោកបន្ថែមថាលោកខ្លួនគឺជាមនុស្សប្រាកដនិយម ហើយក៏បាន សន្យាផងដែរថានឹងព្យាយាមស្វែងរកមធ្យោបាយប្រាកដនិយម និងកាន់តែមានប្រសិទ្ធភាពក្នុងការសម្រេចចិត្តឱ្យនូវអ្វីដែលប្រជាជនកូរ៉េខាងត្បូងចង់បាន។

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហានុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ លោក Lee Jae-myung បានអះអាងថាលោកនឹងជួបជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន រួមទាំង មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយផ្ទាល់ ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយបញ្ចប់ភាពជាប់គាំងនាពេលបច្ចុប្បន្ន៕