(ប៊ែរឡាំង)៖ ប្រទេសអាល្លឺម៉ង់ នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 សរុបនៅទូទាំងប្រទេស បានកើនឡើងលើស ១០០,០០០នាក់ហើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាមទិន្នន័យពីទីភ្នាក់ងារសុខភាពអាល្លឺម៉ង់ Robert Koch Institute (RKI) បានឱ្យដឹងថា អ្នកជំងឺ COVID-19 ចំនួន ៣៥១នាក់បន្ថែមទៀត បានស្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេស កើនឡើងដល់ ១០០,១១៩នាក់ ខណៈករណីឆ្លងប្រចាំសប្តាហ៍ ក៏បានឡើងដល់កម្រិតខ្ពស់ផងដែរ ដោយបានកត់ត្រានូវ ករណីឆ្លងថ្មីៗជាមធ្យមជាង ៤០០នាក់ ក្នុងចំណោមមនុស្ស ១០០,០០០នាក់។

គួរបញ្ជាក់ថា ការកើនឡើងយ៉ាងគំហុកនូវចំនួនករណីឆ្លង និងស្លាប់នៅក្នុងប្រទេសអាល្លឺម៉ង់ បានកើតឡើងស្របពេល ទ្វីបអឺរ៉ុបបានក្លាយជាចំណុចកណ្តាល នៃការឆ្លងរីករាលដាលជំងឺ COVID-19 សាជាថ្មី ខណៈទ្វីបនេះកំពុងប្រយុទ្ធប្រឆាំង នឹងភាពយឺតយ៉ាវនៃដំណើរការចាក់វ៉ាក់សាំង នៅក្នុងប្រទេសមួយចំនួន ចំពេលមានការផ្ទុះឡើងនៃវីរុសបំប្លែងខ្លួន Delta ដែលមានសមត្ថភាពចម្លងលឿនរហ័ស ក៏ដូចជាការផ្លាស់ប្ដូរអាកាសធាតុទៅជាត្រជាក់ និងការបន្ធូរបន្ថយវិធានការរឹតត្បឹតជាដើម។

កាលពីសប្តាហ៍មុន ករណីឆ្លងជាង ២.៥លានករណី និងស្លាប់ជិត ៣០,០០០នាក់ត្រូវបានកត់ត្រា នៅក្នុងទ្វីបអឺរ៉ុបតែឯង ដែលធ្វើឱ្យទ្វីបនេះ ក្លាយជាតំបន់ដែលរងការវាយប្រហារធ្ងន់ធ្ងរខ្លាំងជាងគេ នាពេលបច្ចុប្បន្ន ដោយជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ៕